ឈើធ្នង់មួយដើមយ៉ាងធំត្រូវសមត្ថកិច្ចកាត់ផ្តាច់ដឹកយកទៅរក្សាទុកនៅសាលាស្រុកកូនមុំត្រូវអាជ្ញាធរបានប្រគល់ទៅឲ្យម្ចាស់វិញហើយ

ខេត្តរតនគិរី÷ ប្រភពពីសមត្ថកិច្ចស្រុកកូនមុំបានបង្ហើបឲ្យដឹងថា ថ្មីៗនេះឈើប្រណិតប្រភេទធ្នង់មួយដើម ដែលមានមុខកាត់ប្រហែល ៧០ទៅ៨០សង់ទីម៉ែត្រ (មុខកាត់៧ទៅ៨តឹក) មានប្រវែង៨ម៉ែត្រ ហើយខ្លាចរលំបាក់កាត់ផ្លូវជាតិលេខ៧៨ ប៉ះពាល់ដល់ផ្លូវរបស់រដ្ឋ មួយវិញទៀតខ្លាចរលំលើអ្នកធ្វើដំណើរលើដងផ្លូវ ដោយជាយថាហេតុផ្សេងៗ។ សមត្ថកិច្ចក៏កាត់ផ្តាច់យកទៅរក្សាទុកនៅបរិវេណសាលាស្រុកកូនមុំផងដែរ។

តែពេលនេះលោកសេង ហៃ អភិបាលស្រុកកូនមុំបានប្រគល់ទៅឲ្យម្ចាស់ឈើគេវិញហើយគឺអ្នកស្រីគឹម ហុងមី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ដោយមើលឃើញស្ថានភាពគ្រូសារគាត់និងប្តីឈ្មោះសុខ គង អាយុ៣០ឆ្នាំ ទៅរកស៊ីនៅឆ្ងាយមិនដែលមកផ្ទះវិញ ទើបអ្នកស្រីគឹម ហុងមី ស្នើរសុំដើមធ្នង់នោះមកវិញដោយគាត់បានលើកឡើងថាដើមធ្នង់នេះជាកេរ្តិ៍ដំណែលពីដូនតាគាត់ហើយក្នុងគ្រួសារមានការខ្វះខាតក្នុងជីវភាពគ្រួសារថែមទៀតផង។

ហេតុដូច្នេះហើយលោកសេងហៃ អភិបាលស្រុកកូនមុំក៏បានប្រគល់ជូនដើមធ្នង់នោះទៅឲ្យគាត់វិញដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារ នេះក៏ជាគំរូមួយដ៏ល្អផងដែររបស់អាជ្ញាធរស្រុកដែលបានយកចិត្តទុកដាក់អំពីទុក្ខលំបាក់ដល់ប្រជាពលរដ្ឋ៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង