ឯកឧត្តម ម៉ែន វិបុល បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខស្រ្តី ទើបសម្រាលកូន ចំនួន ៣៤គ្រួសារ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀង
ស្វាយរៀង ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិសាខា លោកនាយកសាខា និងមន្ត្រីពាក់ព័ន្ធមួយចំនួន បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ចំនួន ៣៤គ្រួសារ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ជាមួយនេះ ឯកឧត្តមប្រធាន ក៏បានពាំនាំនូវអនុសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនស្រ្តីទាំងអស់ ទាំងបងប្អូនស្រ្តីដែលទើបសម្រាលកូន និងបងប្អូនស្ត្រីដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ នូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.សូមឲ្យស្ត្រីមានគភ៌ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ។
២.សូមឲ្យស្រ្តីទាំងអស់ទៅសម្រាលនៅមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញ ។
៣.ត្រូវពិនិត្យសុខភាពក្រោយសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការដល់ទារក ។
៤.ត្រូវតែបំបៅទឹកដោះម្តាយតែមួយមុខ រហូតដល់រយៈពេល ៦ខែ ។
៥.សូមយកទារកទៅមន្ទីរពេទ្យជាបន្ទាន់ នៅពេលមានសញ្ញាណគ្រោះថ្នាក់អ្វីមួយកើតឡើង ។
ជាចុងបញ្ចប់ ឯកឧត្ដមប្រធាន បានផ្តល់ជូននូវអំណោយដល់បងប្អូនស្រ្តីទើបសម្រាលកូនទាំង ២៤នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ឃីត ១កញ្ចប់ ( ភួយ ១ សារុង ១ ក្រមា ) ទឹកដោះគោខាប់ ៥កំប៉ុង ស្ករស ២គ.ក្រ ថវិកា ៥ម៉ឺនរៀល និងសម្រាប់ទារក ក្នុងម្នាក់ៗទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១កំប្លេ ក្រណាត់ត្រីកោណ ១ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងសម្រាប់ទារក ១ សាប៊ូ ១ដប និងសាប៊ូម្សៅ ១ដប ៕