ធ្វើប៉ូលីសផង ធ្វើចោរផង អាគាត់នេះពូកែណាស់ ខូចឈ្មោះនគរបាលល្អៗអស់ហើយ
ភ្នំពេញ៖នារីវ័យក្មេងម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ភ្ជាប់មកជាមួយរូបថត មន្រ្តីនគរបាលបាលកំហូចម្នាក់បានឆបោករូបនាងយកម៉ូតូ១គ្រឿងនិងទូរស័ព្ទ១គ្រឿងទៅបាត់ដោយសុវត្ថភាព ។បន្ទាប់អ្នកទាំង២បានទាក់ទងគ្នាតាមរយៈ Facebook ទើបតែបាន២ខែតែប៉ុណ្ណោះមន្ត្រីនគរបាលកំហូចរូបនោះ បានសុំទៅលេងស្រុករបស់នាងបាន១យប់ ។
អ្នកទាំងបានជិះម៉ូតូជាមួយគ្នា ខណៈទៅដល់ស្រុកលេងស្រុកបាន១យប់ពួកគេក៏ជិះម៉ូតូដឹកគ្នាត្រឡប់មកវិញ មកដល់មុខផ្សារស៊ិនជូរី ក៏ត្រូវបុរសជានគរបាលរូបនោះ បានប្រើល្បិចឲ្យនាងនៅឈរចាំមួយភ្លេតដើម្បីទៅយកសោរចូលបន្ទប់ផ្ញើរទុកនិងមិត្តភ័ក្រ រួចក៏យកម៉ូតូនិងទូរស័ព្ទរបស់នាងទៅបាត់មួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលតែម្តង ។
មន្ត្រីនគរបាលមូលដ្ឋានបានឲដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ករណីខាងនេះកើតឡើងនៅរសៀលថ្ងៃទី១៥ កុម្ភៈ ២០១៩ ចំណុចនៅមុខ ផ្សារស៊ិនជូរីផ្លាហ្សាតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នារីរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អាន ស្រីលីន ភេទស្រីអាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកHONDA សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1NT-2943 ។ ចំណែកឯជនសង្ស័យរូបនោះ ឈ្មោះ ណាក់ ភារៈ អាយុ៣២ឆ្នាំ មុខរបរជា ជាមន្ត្រីនគរបាលមិនស្គាល់អង្គភាពនិងកន្លែងស្នាក់នៅនោះទេ។
បើតាមនារីរងគ្រោះបានឲ្យដឹងថា រូបនាងនិងមន្ត្រីនគរបាលរូបនោះ បានស្គាល់គ្នាតាមរយៈfacebookទើបតែជាង២ខែទេ។ ក្នុងអំឡុងពួកគេបានស្គាល់គ្នា អ្នកទាំង២ក៏បានធ្លាប់ណាត់ជួបគ្នាដើរលេងបានចំនួន២ដងផងដែរ។
នារីរងគ្រោះបានបន្តថា នាងមិនដែលបានស្គាល់ផ្ទះជនសង្ស័យខាងលើឡើយ លុះដល់ថ្ងៃទី១៤កុម្ភៈទិវានៃក្តីស្រលាញ់ មុនពេលកើតហេតុជនសង្ស័យខាងលើបានប្រាប់ទៅនាងថា ចង់ទៅលេងស្រុករបស់នាងដើម្បីបានស្គាល់សាច់ញាតិរូបនាងផង។
នារីរងគ្រោះបានបន្តទៀតថា ពួកគេទាំង២បានឯកភាពគ្នារួចក៏បានណាត់គ្នាជួបនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃ១៤កុម្ភៈដដែលដើម្បីឌុបគ្នាទៅលេងស្រុករបស់នាង ជិះម៉ូតូនាងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1NT-2943 ឌុបគ្នាទៅលេងស្រុកកំណើតរបស់នាងនៅឯខេត្តកំពង់ចាម ។
នារីរងគ្រោះដដែលឲ្យដឹងទៀតថា ក្រោយពីដេកនៅស្រុកកំណើតនាង មួយយប់ លុះដល់ព្រឹកថ្ងៃទី១៥កុម្ភៈអ្នកទាំង២ក៏បានត្រឡប់មកភ្នំពេញវិញ ។ ខណៈមកដល់ចំណុចមុខ ផ្សារស៊ិនជូរីផ្លាហ្សា បុរសខាងលើបានប្រាប់ថាឲ្យនាងចាំនៅមុខផ្សារមួយភ្លែតគាត់ជិះម៉ូតូទៅយកកូនសោរចូលផ្ទះដែលផ្ញើនឹងមិត្តភ័ក្រ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យព្រមទាំងយកទូរស័ព្ទដៃនាងម៉ាកហូរវ៉ៃមួយគ្រឿងទៅផង ងាយស្រួលខលរកមិត្តភ័ក្រ ក្រែងទៅរកមិនជួប ហើយក៏ទៅបាត់រហូតតែម្តង ព្រមទាំងបិទលេខទូរស័ព្ទ និងប្លុកfacebookរបស់នាងចោលទៀតផង ។
ទើបនាងបានសម្រេចចិត្តធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីឲ្យជួយអន្តរាគមន៍តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ៕