ចៅសង្កាត់ ១រូប ក្នុងខេត្តរតនគិរី ថាមូលដ្ឋាននឹងកាន់តែមានការអភិវឌ្ឍ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសផ្តល់ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ កាន់តែច្រើន
ខេត្តរតនគិរី÷ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសថានៅឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបង្កើនថវិកាអភិវឌ្ឍន៍តាមឃុំ-សង្កាត់នានា រហូតដល់ជាង ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបន្តបន្ថែមថវិកាជាបន្តបន្ទាប់រហូតដល់១១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៣ ហើយនោះ លោក ទុន ពៅ ចៅសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភ: នេះថា គម្រោងរបស់រាជរដ្ឋាភិបាលដែលគ្រោងនឹងទម្លាក់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ខាងលើនេះ នឹងកាន់តែអាចឆ្លើយតបទៅហ្នឹងតម្រូវការ ក៏ដូចជាការសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកាន់តែធ្វើឲ្យប្រសើរឡើងចំពោះការអភិវឌ្ឍ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ទន្ទឹមហ្នឹងនោះ ចៅសង្កាត់កាចាញរូបនេះ ក៏បានបង្ហាញការសាទរចំពោះរាជរដ្ឋាភិបាល ដែលប្រកាសថានៅឆ្នាំ២០២០ នឹងបង្កើនថវិកាអភិវឌ្ឍន៍តាមឃុំ-សង្កាត់នានា រហូតដល់ជាង៧ម៉ឺន ៣ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយដែលបច្ចុប្បន្ន ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ មានត្រឹមតែជាង៣ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
លោក ទុន ពៅ ក៏បានប្តេជ្ញាថានឹងប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលរាជរដ្ឋាភិបាលទម្លាក់ឲ្យនោះ នឹងយកទៅអនុវត្តន៍ឲ្យចំគោលដៅ និងសមស្របទៅតាមអ្វីដែលជាការស្នើសុំ រឺក៏តម្រូវការរបស់ប្រជាពលរដ្ឋចង់បាន ។
បន្ថែមពីនេះ លោក ទុន ពៅ ក៏បានបញ្ជាក់អំពីវិសាលភាពរបស់សង្កាត់ថា សង្កាត់កាចាញ គឺជាសង្កាត់មួយដែលមានភូមិចំនួន៤ ចំណុះស្ថិតនៅក្នុងក្រុងបានលុង ហើយមានផ្ទៃដីចំនួន ៤.៥០០ ហិកតា ក្នុងនោះដែរមានចំនួនប្រជាពលរដ្ឋរស់នៅសរុប ១.៦៩៣ គ្រួសារ ស្មើហ្នឹងចំនួនប្រជាពលរដ្ឋ ៦.៨៧៥ នាក់ ៕ ដោយ សាវ័ន្ថ