ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី
ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិនិងលោក ថង សាវុន អភិបាលខេត្តរតគិរីបានអញ្ជើ្មញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតគិរី។
មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរនិងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាន់ខ្ពស់ខាងលើលោក នាយឧត្តមសេនីយ៍ ខេង សុមេធ បានធ្វើការព្រមានដល់មន្រ្តីក្រោមឱវាទ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាមុខរបរឡើយ ដើម្បីចៀសវាងការចោទប្រកាន់ពីមហាជនទូទៅ ដែលនាំឲ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូ វិន័យរបស់មន្រ្តីនគរបាល ប្រសិនបើរកឃើញថាមន្រ្តីរូបណាប្រព្រឹត្តទង្វើបែបនេះ ត្រូវទទួលទោសទៀតផង ។
លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្នុងនាមជាមន្រ្តីនគរបាល ជាអ្នកបម្រើប្រជាជន ត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវសេចក្តីថ្លៃថ្នូ សាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញ កិច្ចការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព កាន់តែប្រសើរឡើង ។
តែទោះជាបែបនេះក្តីលោក បន្តថា មន្រ្តីនគរបាលទាំងអស់ ត្រូវចៀសវាងឲ្យបានជាដាច់ខាតរាល់ការ យកតួរនាទី ភារកិច្ច របស់ខ្លួនទៅធ្វើជាមុខរបរ និងគៀបសង្កត់មន្រ្តីក្រោមឱវាទក្នុងអង្គភាព តាមគ្រប់ រូបភាពណាក៏ដោយ។ ប្រសិនបើរកឃើញថា មន្រ្តីរូបណាបានប្រព្រឹត្តទង្វើអសកម្មណា មួយ ក្នុងអង្គភាព មន្រ្តីនោះនឹងត្រូវតែទទួលទោសជាមិនខានឡើយ ។
ជាមួយគ្នានេះដែរ លោក ថង សាវុនអភិបាលខេត្តរតនគិរី ក៏បានជម្រុញឲ្យមន្រ្តីនគរបាលគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវធ្វើយ៉ាងណាបន្តរួមគ្នា បំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ ជូន ដើម្បីរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីឲ្យមានភាពកក់ក្តៅ ជាពិសេសនោះត្រូវបន្តស្រាវជ្រាវបង្រ្កាបឲ្យបានរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពបំផុត ។
លោកឧត្តមសេនីយ៍ទោ យិន ចំណានស្នងការដ្ឋាននគរបាលខេត្តរតនគិរីរដែលទើបតែងតាំងថ្មី បានប្តេជ្ញាអនុវត្តឲ្យបាន ម៉ឹងម៉ាត់បំផុតរាល់ការដាក់ចេញនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសនោះ ធ្វើឲ្យផ្ទៃក្នុងអង្គភាពកាន់តែមានភាពរឹងមាំ សម្តៅដល់ការ បម្រើ ការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។
សូមបញ្ជាក់ថា ការផ្ទេរ និងតែងតាំងមុខតំណែងស្នងការដ្ឋានខេត្តរតនគិរីថ្មីនេះ គឺតែងតាំងលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ជំនួសលោក ឧត្តមសេនីយ៍ទោ ងួន គឿន ដែលត្រូវបានចូលនិវត្តន៍ ៕ ដោយ សាវ័ន្ថ