ផ្ទះពលរដ្ឋ១ខ្នងកំពស់២ជាន់នៅស្រុកមណ្ឌលសីមា ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង

កោះកុង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចប៉ូលិស ស្រុកមណ្ឌលសីមា បានអោយដឹងថា ផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ កំពស់២ជាន់ ជាន់លើសង់អំពីឈើ ជាន់ក្រោមសង់ពីថ្ម ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាម៉ោង១០.២០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ហេតុការនេះបានកើតឡើងនៅត្រង់ចំនុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សមត្ថកិច្ចបានអោយដឹងទៀតថា ហេតុការណ៍ដែលបង្កអោយមានគ្រោះអគ្គីភ័យ(ភ្លើងឆេះផ្ទះ) ខាងលើកើតឡើងគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង (ភ្លើងឆេះចេញពីបន្ទប់ជាន់ទី២) ទើបបណ្តាលអោយមានការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនរួមមាន ៖ ប្រាក់រៀលឆេះអស់ចំនួន៨លានរៀល ទូរទស្សន៍១គ្រឿង ទូទឹកកក១គ្រឿង ក្បាលវីស៊ីឌី១គ្រឿង រួមទាំងសម្ភារះប្រើប្រាស់មួយចំនួនធំថែមទៀត ។

ប្រភពដដែលបានបន្តថា ក្នុងករណីអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើសមត្ថកិច្ចបានសហការជាមួយកម្លាំងឡានទឹករបស់ក្រុមហ៊ុន អឹល វ៉ាយ ភី គ្រុប ចំណាយអស់ទឹកចំនួន៣ឡានទើបធ្វើអោយអគ្គីភ័យខាងលើបានរលត់ជាស្ថាពរ ។

សូមបញ្ជាក់ថាក្នុងហេតុការគ្រោះអគ្គីភ័យខាងលើមិនបានបង្កអោយមានមនុស្សណាម្នាក់រងរបួសឬស្លាប់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង