ផ្ទះ៤ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ចំណែកទ្រព្យសម្បត្តិដែលបាត់បង់នៅមិនទាន់ដឹងនៅឡើយ
ខេត្តរតនគិរី÷ អគ្គិភ័យបានលេបត្របាក់ផ្ទះអស់ចំនួន៤ខ្នងយ៉ាសន្ធោសន្ធៅហើយមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ។
ករណីអគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស។
អធិការនគរបាលស្រុកអណ្តូងមាសលោក សោម ចាន់ណារ៉ា បានឲ្យសារព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី១៤មករានេះថា ភ្លើងឆាបឆេះផ្ទះអស់៤ខ្នងនោះដោយសារម្ចាស់ផ្ទះមិនបានពន្លត់ទុកចោលទើបរាលដាលភ្លើងចង្ក្រានដាំបាយធ្លាក់ចូលទៅក្នុងបន្ទប់ដាក់ម៉ាស៉ីនត្រងស៉ីន័រ និងម៉ាស៉ីនកាត់ស្មៅ ខណ:ម្ចាស់ផ្ទះមិននៅជាប់ រវល់ទៅមន្ទីរពេទ្យបណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំងដល់ផ្ទះអ្នកដទៃផងដែរ។
លោកអធិការបានបញ្ជាក់ថា ការឆាបឆេះផ្ទះប្រជាពលរដ្ឋ៤ខ្នងនោះស្មើនឹង៤គ្រួសារ មានមនុស្សចំនួន២៦នាក់ ស្រី១៤នាក់។
ក្នុងនោះដែរមានម្ចាស់ផ្ទះទី១
ឈ្មោះ រចំ ហ្វីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៥នាក់ ស្រី១នាក់ ផ្ទះមានទំហំ ៦គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
ម្ចាស់ផ្ទះទី២
មានឈ្មោះ សល់ លុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៦នាក់ ស្រី៥នាក់
ផ្ទះមានទំហំ ៩គុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីជាន់ក្រោមសាងសង់ថ្ម។
ម្ចាស់ផ្ទះទី៣
មានឈ្មោះ សល់ ឡាំ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៨នាក់ ស្រី៤នាក់ ផ្ទះមានទំហំ ៦គុណ៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
ម្ចាស់ផ្ទះទី៤
មានឈ្មោះ សល់ គ្លីន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិច្រាយ មានសមាជិកគ្រួសារចំនួន ៧ នាក់ ស្រី៤នាក់ ផ្ទះមានទំហំ ៩គុណ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
លោកថា ក្រោយពីការឆាបឆេះផ្ទះនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុកអណ្តូងមាសមិនបានទៅដល់ដោយសារស្ថានភាពផ្លូវពិបាកនិងឡើងចំណោតខ្លាំងទៅមិនរួច មានតែគោយន្តដឹកទឹកជួយបាញ់ពន្លត់ផងដែរ ប៉ុន្តែភ្លើងបានឆាបឆេះកាន់តែខ្លាំងឡើងៗមិនអាចជួយអន្តរាគមន៍បានឡើយ។
ការឆាបឆេះផ្ទះអស់ចំនួន៤ខ្នងខាងលើនោះ នៅមិនទាន់ទទួលបានរបាយការណ៍នៅឡើយនោះទេកំពុងស្រង់ស្ថិតិ៕ដោយ សាវ័ន