ករណីដោះលែង មុខសញ្ញាចោរ ប្លន់ ២ នាក់ ស្នងការខេត្តកំពង់ស្ពឺ និងតុលាការ ចោទដាក់គ្នា
ភ្នំពេញ ៖ ការសម្រេចដោះលែងក្រុមចោរប្លន់ ទាំង២នាក់ខាងលើ ត្រូវ ក្រុមមន្ត្រីមូលដ្ឋាន ក្នុងស្រុកឧដុង្គ ក្នុងឃុំជំពូព្រឹក និងអ្នកភូមិព្រៃអន្សែ លើកឡើងថា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយអួតអាងប្រាប់អ្នកស្រុក និងនិយាយបញ្ឈីមន្ត្រីនគរបាលមូលដ្ឋានថា មិនដឹងជាខំមកចាប់ប្តីនាងធ្វើអីបើគង់តែ បញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល។ សម័យនេះ ហើយ អស់តែម្នាក់ ៦០០០ដុល្លារ ចេញវិញប្រុយ អត់បញ្ហា។
បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ ថា រឿងលែងចោរប្លន់ ២នាក់ គឺព្រះរាជអាជ្ញាធ្វើតាម ការស្នើសុំរបស់លោកស្នងការខេត្តកំពង់ស្ពឺ។
សេចក្តីថ្លែងការណ៍ លេខ ២៧ ស.ថ.ក/០១៩ របស់សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានផ្ញើរបាយការណ៍លេខ ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយស្នើសុំឲ្យ ព្រះរាជអាជ្ញា ដោះលែងជនសង្ស័យ ជាចោរប្លន់ ទាំង២នាក់នោះ វិញ ព្រោះគ្មានភស្តុតាងដាក់បន្ទុកនោះទេ។លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តស្នើសុំឲ្យលែងជនសង្ស័យចោរប្លន់ ទើបព្រះរាជអាជ្ញា សម្រេចឲ្យដោះលែង ដោយចារលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ ទោ ស្នងការ ដោយតម្រូវឲ្យ នគរបាល៖ ធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តតាមនីតិវិធី ត្រូវមានអ្នកធានាច្បាស់លាស់ និងឲ្យធ្វើកិច្ចសន្យាមិនប្រព្រឹត្តខុសច្បាប់។
អ្នកនាំពាក្យសាលាដំបូង និងស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សំណុំរឿង និងជនសង្ស័យទាំង២នាក់ សមត្ថកិច្ចមិនទាន់បញ្ជូនមកតុលាការដើម្បីចាត់ការនីតិវិធីនៅឡើយទេ ដោយសមត្ថកិច្ចថា ពុំទាន់មានភស្តុតាងគ្រប់គ្រាន់ លើការចោទប្រកាន់ជនសង្ស័យទាំង២នាក់ ។ ដូច្នេះតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ តម្រូវឲ្យ សមត្ថកិច្ចបញ្ជូនសំណុំរឿងជនសង្ស័យទាំង២នាក់ មកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យឆាប់បំផុត ដើម្បីបន្តនីតិវិធី។
សំណុំរឿងនេះ ត្រូវបាន បែកធ្លាយ ព័ត៌មានថា លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោះលែងជនសង្ស័យជាមុខសញ្ញាចោរ ប្លន់ ២នាក់ កាលពីថ្ងៃទី៤មករា២០១៩ ជាថ្នូរនឹងទឹកប្រាក់។
លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ អ្នកកាសែតក្នុងស្រុក ថា “សួរទៅលោកស្រីព្រះរាជអាជ្ញា នគរបាលមិនមានសិទ្ធិឲ្យជនសង្ស័យនៅក្រៅឃុំទេ។ ការសម្រេចលែង ជនសង្ស័យជាចោរប្លន់ មិនមានពាក់ព័ន្ធនឹងលោកទេ គឺលោកស្រីព្រះរាជអាជ្ញា ចាត សូរស្មី ជាអ្នកសម្រេច”។
គួរញ្ជាក់ផងដែរថា ក្រុមចោរប្លន់ ទាំង ២នាក់ ដែលនគរបាល ឃាត់ខ្លួនបាន ទី១ ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងទី២ ឈ្មោះ នោ ពន ភេទប្រុសអាយុ ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្រុមចោរប្លន់ទាំង ២នាក់ ត្រូវកម្លាំងនគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស។
ជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន កំពុងបើករថយន្តម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ច រថយន្តខាងលើត្រូវ ពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះនោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នោ ពន យកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេ ធ្លាប់ធ្វើសកម្មភាព កាច់កម៉ូតូ នៅខេត្តព្រះសីហនុ ចំនួន ៣លើក យកមកលក់នៅឈ្មោះ នោ ពន។
នៅក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសចោរប្លន់ឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាងមួយចំនួន ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ។
រួមមាន៖
-រថយន្តម៉ាកសាំយ៉ុងព័ណ័សពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន ១គ្រឿង និងគ្រឿងសោ។
នៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ច ដកហូតបាន ម៉ូតូ ម៉ាក សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន ១គ្រឿង។
លុះឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំង ២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ បានយក ប្រគល់វត្ថុតាងមួយចំនួន ទៀតរួមមាន៖ កូនសោ ប្រដាប់ឆ្កឹះសោម៉ូតូ ប្រដាប់កឹបស្លាកលេខ ជាដើម៕