សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតជនជាតិថៃចំនួន២នាក់
ខេត្តព្រះវិហារ÷ កម្លាំងនគបាលនៃស្នងការដ្ឋានខេត្តព្រះវិហារធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ត្រូវជាប់ពាក់ព័ន្ធករណីបង្ខាំងមនុស្សជនជាតិថៃចំនួន២នាក់ដើម្បីជំរិតទាប្រាក់។
ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជំរិតទាប្រាក់ទាំង៥នាក់នេះ ក្រោមការចង្អុលណែនាំ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ។
លោកស្នងការ បានរៀបរាប់ពីដំណើររឿងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប។ ក្រោយស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលានយន្តហោះ ដែលមានរថយន្តមួយគ្រឿង ចាំទទួលយកមកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។
ក្រោយមកក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់នេះ ទូរស័ព្ទទៅក្រុមគ្រួសារនៅប្រទេសថៃឲ្យផ្ទេរប្រាក់ជាថ្នូរ និងការដោះលេង។បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះ ប្រាប់ក្រុមគ្រួសារ និងផ្ញើរូបភាពទៅឲ្យក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹងមកស្ថានទូតថៃប្រចាំកម្ពុជាហើយស្ថានទូតថៃប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។
លោកឧត្តមសេនីយ៍ទោយិន ចំណាន បានបន្ថែមថាបន្ទាប់ពីទទួលបានការណែនាំពីអគ្គស្នងការដ្ឋាននគរបាលជាតិកម្លាំងនគរបាលខេត្តព្រះវិហារប្រមាណ៤០នាក់ បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានចុះទៅដល់ទីតាំងខាងលើនិងធ្វើការឡោមព័ទ្ធទីតាំងខាងលើមួយយប់ទល់ភ្លឺ រហូតទទួលបង្ក្រាបបានជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ព្រមទាំងដកហូតសម្ភារមួយចំនួននិងរំដោះនារីជនជាតិថៃបានដោយសុវត្ថិភាព។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងមានថ្នាំញៀនជិត៣គីឡូក្រាមអាវុធAKបត់១ដើមគ្រាប់៣០គ្រាប់និងសំភារៈផ្សេងទៀតជនសង្ស័យទាំង៥នាក់និងនារីជនជាតិថៃត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕