គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ក្នុងខេត្តរតនគិរី នាឆ្នាំ២០១៨នេះ សម្លាប់ជនរងគ្រោះអស់៤០ នាក់

ខេត្តរតនគិរី÷ លោក ឈិន ថេន នាយរង ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋានគរបាលខេត្តរតនគិរី បានប្រាប់សារព័ត៌មាន ឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២១ ខែធ្នូនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តរតនគិរី នាឆ្នាំ ២០១៨នេះ បានកើតឡើង ១០៤ លើក ដោយបានសម្លាប់ជនរងគ្រោះអស់ចំនួន៤០ នាក់ ក្នុងនោះស្រី ៥ នាក់ ។

លោក ឈិន ថេន បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនេះ ក៏បានបង្កឲ្យជនរងគ្រោះរបួសធ្ងន់ស្រាលចំនួន ១៥០ នាក់ ក្នុងនោះស្រី១០ នាក់ រួមទាំងបានបង្កឲ្យខូចខាតយាន្តជំនិះអស់ចំនួន១៨០ គ្រឿង ក្នុងនោះរងយន្ត៥១ គ្រឿង ទោចក្រយានយន្ត១១៨ គ្រឿង ម៉ូតូកង់បី ១ គ្រឿង និងគោយន្តចំនួន១០ គ្រឿង ។

នាយរង ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋានគរបាលខេត្តរតនគិរីរូបនោះបានបញ្ជាក់ថា ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើដែលបានកើតឡើងក្នុងឆ្នាំ២០១៨ នេះ បើប្រៀបធៀបរយ:ពេលដូចគ្នាហ្នឹងឆ្នាំ២០១៧នោះ ឃើញថាមានការថយចុះចំនួន២៣ លើក ចំពោះករណីជនរងគ្រោះស្លាប់ថយចុះចំនួន៥ នាក់ និងចំនួនជនរងគ្រោះរងរបួសធ្ងន់ស្រាល ក៏មានការថយចុះ ៣០ នាក់ផងដែរ ។

ទន្ទឹមហ្នឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៨នេះ មានការថយចុះក៏ពិតមែន លោក ឈិន ថេន នាយរង ការិយាល័យចរាចរណ៍ ក៏នៅតែទទូច និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់យានយន្តនៅលើដងផ្លូវក្នុងខេត្តរតនគិរី ឲ្យត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន រួមទាំងការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង