អ្នកបើកហ៉ីយ៉ាន់ដាយងូកមួយភាំងជ្រុលចង្កូតបុកកូរូឡារបួសធ្ងន់និងស្រាល៤នាក់

ខេត្តរតនគិរី÷ មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបុកគ្នាយ៉ាងពេញទំហឹងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។

ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចប៉ុស្តិ៍យាមកៅស៊ូ ស្ថិតនៅក្នុងភូមិ១ (តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង។

បើតាមការឲ្យដឹងពីលោក សួន សាវុធ នាយប៉ុស្តិ៍សង្កាត់កាចាញបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកាមរីកូរូឡា ពណ៌ខៀវ ពាក់ស្លាក លេខ ព្រ:សីហនុ ២A-៦៤០៣ បើកបរដោយឈ្មោះ ម៉ី សំអាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់បែកក្បាលហូរឈាម ស្រោចពេញខ្លួន មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បើកបរក្នុងទិសដៅពីកើតទៅលិច។ អ្នករួមដំណើរ ២នាក់ ១-ឈ្មោះ កែវ សឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់បែកក្បាល។ ២-ឈ្មោះ ឡុង ខ្នា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់បែកក្បាល ទាំង២នាក់មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

លោកបានបន្តឲ្យដឹងទៀតថា រថយន្តបង្កមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ខៀវលាយស ពាក់ស្លា្លកលេខព្រៃវែង ៣A-០២៦៧ បើកបរដោយឈ្មោះ ភា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ របួសស្រាល ខណ:បើកបរក្នុងទិសដៅពីលិចទៅកើត សង្ស័យអ្នកបើកបររថយន្តហ៉ីយ៉ាន់ដាយបានងូកមួយភាំងរេចង្កូតទៅបុករថយន្តកូរូឡាយ៉ាងពេញទំហឹង។ចំណែករថយន្តកូរូឡាបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើការទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្តដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវបាននគរបាលរឹបអូសយក មករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង