លទ្ធផលខ្លាំងចេញហើយ នគរបាលយ៉ា សុផល ដែលរារាំងការបង្ក្រាបរថយន្តដឹកឈើ ពេលនេះបានវ៉ៃខ្នោះបញ្ជូនឡើងតុលាការហើយ

ខេតត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨នេះ ស្នងការដ្ឋាន នគរបាល ខេត្តបានវ៉ៃខ្នោះ នាយរងប៉ុស្តិ៍ស្អំ វរសេនាតូចការពារព្រំដែនគោក៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក យ៉ា សុផល ហៅ ទៀង ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តការ សួរនាំចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពរារាំងប្រតិបត្តិការ បង្ក្រាបរថយន្តដឹកឈើ២គ្រឿង និងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែរូបលោកស្រវឹងស្រា។

សូមរំលឹកដែរថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ បានបើកប្រតិបត្តិការតាមបង្ក្រាបរថយន្តចំនួន២គ្រឿង លួចដឹកជញ្ជូនឈើក្រញូង ស្ថិតនៅតាមផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

នៅវេលាម៉ោងចុះបង្ក្រាបនោះដែរ សម្រាប់តែលេចមុខមន្ត្រីនគរបាលម្នាក់ រួមជាមួយស្នងការរងម្នាក់ ក៏បានបើករថយន្តមកដល់ ហើយបានរារាំងប្រតិបត្តិការរហូតមានការជេរប្រមាថ មកលើកម្លាំងសមត្ថកិច្ចទៀតផង និងបានយកដៃទៅគ្រវាសសំដៅកាមេរ៉ាដែលកំពុងថតពីសកម្មភាពទាំងនេះ ។

មន្ត្រីនគរបាលដែលបង្កបញ្ហា និងបានរារាំង ដល់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ គឺមានអាការៈស្រវឹង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ។

មន្ត្រីនគរបាលរូបនេះមានឈ្មោះ យ៉ា សុផល តួនាទីនាយរងប៉ុស្តិ៍ស្អំ នៃវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

នៅយប់កើតហេតុនោះ ក្រោយមកស្រែកឡូឡា នឹងឈ្លោះប្រកែកជាមួយកងកម្លាំងនគរបាលនោះ មន្ត្រីនគរបាល យ៉ា សុផល រួមជាមួយលោកស្នងការរង បានបើករថយន្តចេញបាត់ទៅ ហើយកងកម្លាំងនគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើបានអូសរថយន្តដឹកឈើទាំង២គ្រឿង ទៅរក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើចាត់ការបន្តទៀត ។

ទោះជាយ៉ាងណា សម្រាប់នគរបាលឈ្មោះ យ៉ា សុផល នោះត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បែន រ័ត្ន អះអាងថា នៅពេលនេះខាងជំនាញព្រហ្មទណ្ឌកំពុងសួរនាំ នៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត និងស្រាវជ្រាវបន្ថែមទៀតដើម្បីចាត់ការបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង