កាប់​រំលំដើមឈើ ភ្លាត់ស្នៀតដួលសង្កត់ត្រូវខ្លួនឯង រងរបួសធ្ងន់

ខេត្តរតនគិរី÷ បុរសម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានបងប្អូសដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម បន្ទាប់ពីជនរងគ្រោះបានទៅកាប់ផ្តួលរំលំដើមឈើមួយកន្លែងខ្វះការប្រុងប្រយ័ត្នជាមុន ទើបបណ្ដាលឲ្យដួលសង្កត់លើខ្លួនឯង។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចអូរស្រុង ហៅ(ព្រៃកាត់ក) ស្ថិតនៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។

លោក ងយ ដន អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះ ដែលកាប់ឈើរំលំសង្កត់ខ្លួនឯងនោះ ឈ្មោះ រម៉ាស់ ឡើក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ/ឃុំកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នដោយសារស្ថានភាពជនរងគ្រោះ រងរបួសធ្ងន់ធ្ងរពេក ទើបត្រូវបានបងប្អូនដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសវៀតណាម ខណៈដែលអាការៈមិនបានធូរស្រាលនៅឡើយ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង