កាមរីស្វិតកែច្នៃទ្រុង ដឹកឈើ ត្រូវសមត្ថកិច្ចស្រុកកូនមុំក្របួចចាប់ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ
ខេត្តរតនគីរី÷ រថយន្តម៉ាកកាមរីស្វិតកាត់កែច្នៃទ្រុងមួយគ្រឿងពាក់ស្លាកលេខ គ៤៦៦២-ភ,ព២ពណ៌ប្រផេះ ដែលម្ចាស់រថយន្តនោះត្រូវបានគេស្គាល់ឈ្មោះថា ម៉ាប់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ជនជាតិខ្មែរ ជាឈ្មួញម្នាក់សកម្មក្នុងការដើរប្រមូលទិញឈើប្រណិតក្នុងតំបន់ភូមិដាច់ស្រយ៉ាលដែលគេសង្គេតឃើញ ដូចជា ភូមិក្របីជ្រុំ ស្រែគរ ខ្សាច់ថ្មី ស្រែសាមុី ស្រុកស្វាយរៀង ព្រំប្រទល់់ជាប់ខេត្តរតនគិរី និងស្ទឹងត្រែង ។
ហើយដឹកជញ្ជូនមកចែកចាយតាមដេប៉ូនានាក្នុងខេត្តរតនគិរីដោយគ្មានការញញើតបារម្មក្រែងពីសំណាញ់ច្បាប់ហាមឃាត់បន្តិចសោះឡើយ ។
ប្រតិបត្តិការស្ទាក់បង្ក្រាបពីសំណាក់សមត្ថកិច្ចនគរបាលស្រុកកូនមុំបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនៅវេលា ម៉ោង ២០និង៣០នាទីយប់ តាមកំណាត់ផ្លូវជាតិលេខ៧៨នៅត្រង់ចំណុច ភូមិ៤(គ៦០)ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
សមត្ថកិច្ចចុះបង្ក្រាបខណ:នោះរួមមាន កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ សហការណ៍ជាមួយនិងកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកកូនមុំ ដែលដឹកនាំដោយលោក គួក ធឿន ។
ដោយឡែក បើតាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះបង្ក្រាបកាលពីយប់ថ្ងៃទី១៣ខែឆ្នាំដដែលនោះថា ឈ្មួញឈ្មោះម៉ាប់នេះ មានការទំនាក់ទំនងដ៏ល្អណាស់ជាមួយស្ថាប័នសមត្ថកិច្ចនៅក្នុងខេត្តដែលសុំមិនបញ្ចេញឈ្មោះមួយរូប ។
ប្រភពបន្តថា ឈ្មោះម៉ាប់នេះធ្លាប់បានដឹកជញ្ជូនឈើប្រណិតជាច្រើនលើកច្រើនសារយកឈ្មោះសមត្ថកិច្ចដែលមានអំណាចម្នាក់មកកាងជានិច្ចដើម្បីបិតបាំងទង្វើអាក្រក់ ទទួលផលប្រយោជន៍ពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ ។ដោយសារទេវតាប៉ារ៉ាមុខអំពើអាក្រក់ជួរជាតិចៃដន្យត្រូវអស់ល័ក្ខទន់ហន់រថយន្តកែទ្រុងមួយនេះ សមត្ថកិច្ចចាប់បង្ក្រាបតែម្តង ។សូម្បីសមត្ថកិច្ចមានអំណាចម្នាក់ដែលលោកម៉ាប់កាងនោះក៏ជួយលែងកើតដែរ ហើយលោកម៉ាប់ក៏ បិតសាប៊ូគូទរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នរថយន្តកាមរីស្វិត និងឈើជាច្រើនជាប្រភេទឈើគគីមានចំនួន២១សន្លឹក កម្លាំងអធិការស្រុកកូនមុំ កំពុងបំពេញសំណុំបែបបទប្រគល់ទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់និងបន្តទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បី ចាត់ការតាមនិតិវិធីច្បាប់៕ដោយ សាវ័ន