មនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាលបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ

ខេត្តរតនគិរី÷ មនុស្សប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង១និង៥៦នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧៨A ឆ្ពោះទៅស្រុកអណ្ដូងមាស ស្ថិតនៅភូមិមួយ (បរកែវចាស់ ) ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

នគរបាលស្រុកបរកែវបានឲ្យដឹងថា ភាគីម៉ូតូបង្កមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ សេរីឆ្នាំ២០១៧ បើកបរដោយ​ឈ្មោះ មាន សំណាង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគីរី (រងរបួសបាក់ផ្គាមខាងឆ្វេង) និងអ្នករួមដំណើរឈ្មោះ ប៊ុន ណាថាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សព្វថ្វៃរស់នៅភូមិឃុំជាមួយគ្នា (រងរបួសបាក់ដៃខាងឆ្វេង)។

ចំណែកម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាក ហុងដាឌ្រីម C១២៥ សេរីឆ្នាំ២០១៧ ដូចគ្នា បើកបរដោយឈ្មោះ សោម កុសល់ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃរស់នៅភូមិចែត្រ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី រងរបួសជើងខាងឆ្វេង និងបំពង់ក រួមដំណើរជាមួយកូនស្រីឈ្មោះ កុសល់ ស្រីពេជ្រ អាយុ១៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ/ឃុំជាមួយគ្នា(របួសស្រាល)។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ដោយឡែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង