ស្ទាក់ចាប់រថយន្ដប្រាំគ្រឿងរួចដោះលែងវិញសង្ស័យត្រូវរ៉ូវគ្នាទេដឹង?
ខេត្តរតនគិរី÷ អាជ្ញាធរស្រុកកូនមុំ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ បាននាំកម្លាំងទៅស្ទាក់ចាប់រថយន្ដធន់ធំចំនួនប្រាំគ្រឿងដែលដឹកម៉ាស៊ីនរ៉ៃចេញពីទឹកដីខេត្ដស្ទឹងត្រែងបើកចូលមកស្រុកកូនមុំរួចគេដោះលែងវិញសង្ស័យត្រូវរ៉ូវគ្នាដោយស្ងាត់ៗ។
ប្រភពពីមន្រ្ដីប៉ូលិសស្រុកកូនមុំបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨មានក្បួនរថយន្ដធន់ធំម៉ាករ៉េវ(ប៉ាកុង)ចំនួនប្រាំគ្រឿងមានដឹកសម្ភារ:កែច្នៃឈើបានបើកចេញពីភូមិសាស្រ្ដខេត្ដស្ទឹងតែ្រងឆ្ពោះមកស្រុកកូនមុំតាមផ្លូវជាតិលេខ៧៨ឆ្លងកាត់ស្រុកលំផាត់ខេត្តរតនគិរីឆ្ពោះទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅម៉ោងប្រមាណជិតប្រាំបីយប់ថ្ងៃដដែលនោះក្បួនរថយន្ដប៉ាកុងបានបើកទៅដល់ចំណុចភូមិតាអងកាតែឃុំតាអងស្រុកកូនមុំចំណែកកម្លាំងស្រុកដែលដឹកនាំដោយលោកសាយចំរើនអភិបាលរងស្រុកកូនមុំក៏បានទៅដល់រួចបើកការត្រួតពិនិត្យបានរកឃើញដែករ៉ៃចំនួនបួនខ្សែក្បាលម៉ាស៊ីនចំនួនពីរគ្រឿងនិងម៉ាស៊ីនត្រង់សឺន័រចំនួនពីរគ្រឿងផងដែរ។
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨លោកសាយចំរើនអភិបាលរងស្រុកកូនមុំដែលដឹកនាំកម្លាំងចុះទៅឃាត់ក្បូនរថយន្ដដូចខាងលើនោះបានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា រថយន្ដទាំងប្រាំនោះគឺត្រូវតែរឹបអូសយកទៅសាលាស្រុកកូនមុំដើម្បីបង្កសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅថ្ងៃដដែលនេះ ព្រោះរថយន្ដនោះមានផ្ទុកឧប្បករណ៍កែច្នៃឈើ។
លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបានប្រាប់សារព័ត៌មានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៨ នេះថា ពាក់ព័ន្ធករណីឃាត់រថយន្ដចំនួនប្រាំគ្រឿងដូចខាងលើមកដល់ពេលនេះមិនទាន់ឃើញខាងស្រុកកូនមុំបញ្ជូនសំណុំរឿងនិងវត្ថុតាងនោះមកនៅឡើយទេ។
នៅថ្ងៃនេះដែរសារព័ត៌មានបានព្យាយាមសុំការបញ្ជាក់ ពី លោក សេក ហៃ អភិបាលស្រុកកូនមុំជុំវិញរឿងឃាត់រថយន្ដប៉ាកុងចំនួននប្រាំគ្រឿងដែលដឹកឧប្បករណ៍កែច្នៃឈើនោះប៉ុន្ដែលោកឆ្លើយយ៉ាងខ្លីថា ជាប់រវល់។
នៅគ្រាបន្ទាប់នោះលោក សាយ ចំរើន អភិបាលរងស្រុកកូនមុំដែលចុះទៅឃាត់រថយន្ដនោះផ្ទាល់បានបញ្ជាក់ថា ក្រោយពីត្រួតពិនិត្យរួចលោកបានបំពេញបែបបទបញ្ជូនឲ្យមេព្រៃខេត្ដរួចហើយឥឡូវបែរជាថាមិនឃើញរថយន្ដនោះទៅវិញ រឿងនេះមានតែអ្នកកាសែតទេជួយរកគ្នា។
មន្រ្តីប៉ូលិសបានបញ្ជាក់ថា រថយន្ដចំនួនប្រាំគ្រឿងដែលខាងស្រុកកូនមុំបានឃាត់កាលពីយប់ថ្ងៃទី៨ខែធ្នូនោះគឺស្រុកបានសម្របសម្រួលដោះលែងវិញហើយក្រោយពីឃាត់បានមួយយប់។ ការដោះលែងនោះគេសង្ស័យថាអាជ្ញាធរស្រុកបានត្រូវរ៉ូវជាមួយម្ចាស់រថយន្ដនោះហើយមើលទៅ? ៕ដោយ សាវ័ន