ឡង់គ្រីស័រផ្ទុកឈើកកោះពេញប្រៀបបានលោតឆត្រ ត្រូវប៉ូលិសសេដ្ឋកិច្ចខេត្តបង្ក្រាបបាន
ខេត្តរតនគិរី÷ រថយន្តឡង់គ្រីស័រលួចដឹកឈើកកោះមួយគ្រឿង ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់នឹងបង្ក្រាបបាននៅលើផ្លូវជាតិលេខ៧៨ កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រថយន្តមួយគ្រឿងនេះកំពុងធ្វើចរាចរពីលិចទៅកើតឆ្ពោះទៅប្រទេសវៀតណាម ចូលទៅ តាមច្រករបៀងមួយចំនួន។
មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តដែលចុះបង្ក្រាបរថយន្តដឹកឈើខាងលើនេះបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្នងការ ស្នងការរងនគរបាលខេត្តនិងឈានចុះទៅបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ទឹកប្រាក់ អត់ស្លាកលេខមុខក្រោយផ្ទុកឈើប្រភេទកកោះ ដែលមានមុខកាត់ចាប់ពី៥០គុណ៦០ ប្រវែង២,២សង់ទីម៉ែត្រ ចំនួន១៥កំណាត់ផងដែរ។
មន្ត្រីនគរបាលដដែលបានបន្តថា ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើនេះអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តដឹកឈើនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានរឹបអូសយកមកស្នងការនគរបាលខេត្តដើម្បីកសាងសំណុំបែបបទនិងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តនៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ និងចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ សាវ័ន