រដ្ឋបាលក្រុងបានលុង សាងសង់ផ្លូវបេតុង ១ខ្សែ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ

ខេត្តរតនគិរី÷ អភិបាលរងក្រុងបានលុង បានឲ្យដឹងថា ផ្លូវលំ ១ខ្សែ ប្រវែងជាង៣០០ ម៉ែត្រ ស្ថិតក្នុងភូមិអូរកន្ទិល និងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បន្ទាប់ពីរងការខូចខាត និងដោយសារមានការសំណូមពរពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនោះផង រដ្ឋបាលក្រុងបានលុង បានប្រើប្រាស់ថវិកាជាង ១៨០ លានរៀល ដើម្បីជួយសម្រួលដល់ការលំបាកដល់ប្រជាពលរដ្ឋ ។

នេះបើតាមការបញ្ជាក់របស់ លោក ពុធ ដានី អភិបាលរងក្រុងបានលុង ដែលបានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៦ ខែធ្នូនេះ ។

លោកអភិបាលរងក្រុងបានលុងរូបនេះ បានឲ្យដឹងថា ផ្លូវលំ ១ខ្សែខាងលើ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក និងជាផ្លូវតូចចង្អៀតទៀតនោះ បង្កឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានពិបាកក្នុងការធ្វើដំណើរ ត្រូវបានរដ្ឋបាលក្រុងធ្វើការស្ថាបនាកសាងជាងផ្លូវបេតុង ប្រភេទ អាបេ ប្រវែង៣០០ ម៉ែត្រ ស្ថិតក្នុងភូមិសង្កាត់ខាងលើ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ក្នុងការធ្វើចរាចរណ៍ទៅមក ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានធ្វើការជួសជុលផ្លូវដែលរងការខូចខាតខ្លាំងដោយសារជំនន់ទឹកភ្លៀង ចំនួន ៤ខ្សែ ដែលក្នុងនោះមានផ្លូវជាតិក្រាលកៅស៊ូចំនួន ២ខ្សែ ស្ថិតក្នុងស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ បូករួមហ្នឹងផ្លូវគ្រួសក្រហម ២ ខ្សែផ្សេងទៀតស្ថិតនៅក្នុងស្រុកវើនសៃ និងស្រុកតាវែង ទន្ទឹមហ្នឹងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានបង្ហាញអំពីគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែ ក្នុងក្រុងបានលុង ប្រវែងសរុប ៦ ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ និង៧ម៉ែត្រ ព្រមទាំងចិញ្ចើមក្រាលគ្រួសក្រហមទទឹង ១ម៉ែត្រ សងខាង ឲ្យរួចរាល់នាចុងឆ្នាំ២០១៨នេះផងដែរ ដែលផ្លូវទាំង ៥ខ្សែនោះរួមមាន ទី១, ផ្លូវក្រុងលេខ ៤៦-១ ទី២, ផ្លូវចូលរមណីយដ្ឋានកាចាញ ទី៣, ផ្លូវសត្តឃាត ទី៤, ផ្លូវលេខ ៩២ និងទី៥, ផ្លូវលេខ ៦៣ ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង