ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់១ ស្រាល២

ខេត្តរតនគិរី÷ មនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បោលបុកគ្នាក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃពុធ  ១៣រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ A នៅចំណុចទល់មុខផ្ទះជាងម៉ូតូ ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ​។

នគរបាលស្រុកអូរជុំបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ យើង សាលុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករមានទីលំនៅភូមិកាំ ឃុំល្អក់ស្រុកអូរជុំ រងរបួសស្រាល ពុំមានពាក់មួកសុវត្ថិភាព។ ចំណែកអ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ខាន់ គូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិថារ៉ងស្វាយ ឃុំអូរជុំស្រុកអូរជុំ រងរបួសធ្ងន់ឈាមចេញតាមច្រមុះ និងបែកក្បាលខាងឆ្វេង ពុំមានពាក់មួកសុវត្ថិភាព។ និងអ្នករួមដំណើរឈ្មោះ ថាវ ហៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា រងរបួសស្រាល។

មូលហេតុអ្នកទាំងពីរនាក់ បើកបរខ្វះការប្រុងប្រយ័ត្នមិនទាន់យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកឡើយ។ដោយឡែកជនរងគ្រោះរង​របួសធ្ងន់ ត្រូវ​បានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវសមត្ថកិច្ចរឹបអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង