ថ្នាំញៀនជាង២០០០គ្រាប់និងមនុស្សប្រុសស្រី៥នាក់ត្រូវបានឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ÷ កាលពីរសៀលថ្ងៃទី៣០ វិច្ឆិកា ដល់យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាជាបន្តបន្ទាប់បានចំនួន៥ នាក់ក្នុង ២ករណីផ្សេងគ្នា ក្នុងនោះសមត្ថកិច្ចបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនដែលមានអក្សរ (WY)ពណ៌ផ្កាឈូកជាង២០០០គ្រាប់។
ករណីទី១ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅត្រង់ចំណុចឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមុនដំបូងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះអឿងសារិន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀនមេតំហ្វេតាមីន ដែលមានអក្សរ (WY)ពណ៌ផ្កាឈូកចំនួន១២១គ្រាប់។
យោងតាមចម្លើយជនសង្ស័យទី១សមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យទី២ឈ្មោះឈួន គឹមហុក (ហៅម៉ៅ) និងឈ្មោះស៊ូ ផា ភេទស្រី អាយុ៦០ឆ្នាំ នៅឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបន្តឆែកឆេរផ្ទះស្ត្រីខាងលើរកឃើញថ្នាំញៀនមេតំហ្វេតាមីនWYពណ៌ផ្កាឈូកចំនួន៨៩គ្រាប់បន្ថែមទៀតដែលជនសង្ស័យទី១និងជនសង្ស័យទី២អះអាងថាទិញពីជនសង្ស័យទី៣។
ដោយឡែកករណីមួយទៀតនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ២នាក់លើដងផ្លូវជាតិលេខ៥៩នៅភូមិនិងឃុំអូរសំព័រស្រុកម៉ាឡៃយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ជាមួយថ្នាំញៀនមេតំហ្វេតាមីនWYពណ៌ផ្កាឈូកចំនួន១៨៩២គ្រាប់។
ជនសង្ស័យក្នុងករណីទី២ ម្នាក់ឈ្មោះដែន លីវ យី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកលក់ដូរនិងម្នាក់ឈ្មោះលឿន វិទូ ភេទប្រុស អាយុ១៨ឆ្នាំ អ្នករត់ម៉ូតូឌុបទាំង២នាក់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង៥នាក់និងថ្នាំញៀនសរុប២១០២គ្រាប់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ សាវ័ន