ជនសង្ស័យប្រុសស្រី៦នាក់ ត្រូវប៉ូលិសស្រុកលំផាត់ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀនបញ្ជូនទៅតុលាការ
ខេត្តរតនគិរី÷ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់សហការជាមួយកម្លាំងប៉ុស្តិ៍បាតាងនឹងកម្លាំងប៉ុស្តិ៍កាឡែងបានចុះបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់។
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង២ នឹង៣០នាទីយប់រំលងអាធ្រាតថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ដោយមានកម្លាំងសម្ងាត់ក្នុងកាប្រើវិធានការញុះញុងបន្ទាប់មកកម្លាំងសមត្ថកិច្ចឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៦នាក់រួមមាន÷
ទី១-ឈ្មោះ ហឿង សេរីបុត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិចាន់ឃុំច្រនៀងស្រុកបារាយខេត្តកំពង់ធំ(អ្នកចែកចាយ) បច្ចុប្បន្នស្នាក់នៅភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេតរតនគិរី។
ទី២-ឈ្មោះ ន្វីង ឃីង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន(ចែកចាយ)។
ទី៣-ឈ្មោះ តត់ លើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន(ចែកចាយ)។
ទី៤-ឈ្មោះ ថត សាំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន(ចែកចាយ)។
អ្នកទាំង៤នាក់មានទីលំនៅភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរី។
ទី៥-ឈ្មោះ ណន វែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកាឡែកឃុំកាឡែងស្រុកលំផាត់(ចែកចាយបន្ត)។
ទី៦-ឈ្មោះ ឈឿន ចាន់ធឿន ភេទស្រី អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយចេកឃុំឬស្សីស្រុកពាមជ័រខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិចាងរ៉ាឃុំបាតាងស្រុកលំផាត់មុខសញ្ញាសេពគ្រឿងញៀន។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន:
ម្សៅក្រាមពណ៌សរ សង្ស័យសារធាតុញៀនចំនួន២កញ្ចប់ធំកន្លះ នឹង១២កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក១កញ្ចប់តូច ម៉ូតូ៣គ្រឿង នឹងសម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន