ស្នងការនគរបាលខេត្តរតនគិរីកោះហៅប៉ូលិសប៉ុស្តិ៍ព្រំដែនរឿងកាប់ឈើលក់ឲ្យវៀតណាម
ខេត្តរតនគិរី÷ ស្នងការដ្ឋាននគរបាលខេត្ដរតនគិរីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨បានកោះហៅមន្ដ្រីប៉ូលីសប៉ុស្ដិ៍ខ្លាធំឲ្យចូលខ្លួនបំភ្លឺរឿងលួចកាប់ឈើលក់ឲ្យវៀតណាមធ្វើអាជីវកម្មដោយមិនស្របច្បាប់ ។
ស្នងការខេត្ដថានឹងបើកការស៊ើបអង្កេតឲ្យដល់ឬសគល់ ។
កាលពីខែតុលា ឆ្នាំ២០១៨មានជនជាតិវៀតណាមមួយក្រុមប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ឺន័រនិងឡានប្រមាណបីទៅបួនគ្រឿងបើកចូលមកក្នុងទឹកដីខ្មែរតាមច្រកប៉ុស្ដិ៍ខ្លាធំក្នុងស្រុកអូរយ៉ាដាវរួចធ្វើសកម្មភាពកាត់យកឈើល្អៗ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ហើយដឹកចេញទៅលក់នៅខាងដីវៀតណាមយ៉ាងអនាធិបតេយ្យ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីក្រុមវៀតណាមបាននិងកំពុងធ្វើការកាត់ប្ដួលដើមឈើធំៗជាច្រើនដើមរហូតដល់ខែវិច្ឆិកានេះខាងមន្រ្ដីបរិស្ថានប្រចាំការនៅតំបន់នោះក៏បានចុះទៅដល់ហើយឡោមព័ទ្ធរួចចាប់បានឡានមួយគ្រឿងនិងជនជាតិវៀតណាមម្នាក់ ។
ដោយស្ថិតនៅក្នុងភូមិសាស្រ្តមិនសូវអំណោយផលពេលនោះក្រុមឈ្មួញបានរួមកម្លាំងគ្នារំដោះយកមនុស្សម្នាក់និងឡានមួយគ្រឿងយកទៅខាងដីវៀតណាមវិញដោយសុវត្ដិភាព ។
លោក លឿង ខេមរ:ប្រធានស្នាក់ការឧទ្យានជាតិអូរយ៉ាដាវកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨បានឲ្យសារព័ត៌មានយើងដឹងតាមទូរស័ព្ទថា កាលពីពេលថ្មីៗនេះកម្លាំងរបស់លោកបានចុះទៅដល់ចំណុចដែលជនជាតិវៀតណាមបានចូលមកកាប់យកឈើនោះ ។
ប្រធានស្នាក់ការឧទ្យានជាតិអូរយ៉ាដាវបានបញ្ជាក់ថា ពាក់ព័ន្ធរឿងដូចខាងលើលោកបានធ្វើជារបាយការណ៏ដាក់ទៅស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្ដនិងទៅក្រសួងបរិស្ថានតាមរយ:មន្ទីរបរិស្ថានខេត្ដរតនគិរីរួចហើយគឺដើម្បីមានវិធានការតាមច្បាប់។ រឿងនេះគឺហួសពីដៃខ្ញុំហើយបើអ្នកព័ត៌មានចង់ដឹងគួរតែសួរថ្នាក់លើទៅ ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ដរតនគិរីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨សារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទបានបិត ។
ប៉ុន្ដែលោក មូល សំវាំង អនុប្រធានមន្ទីរបរិស្ថានខេត្ដបានបញ្ជាក់ថា រឿងនោះខាងមន្ទីរបានដាក់ទៅថ្នាក់ជាតិនិងស្នងការប៉ូលីសរួចហើយដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
លោក ងួន គឿនស្នងការដ្ឋាននគរបាលខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨សារព័ត៌មានយើង បានព្យាយាមសុំការពន្យល់ជុំវិញករណីខាងលើតែទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល ។
មន្ត្រីស្នងការប៉ូលីសម្នាក់បានបង្ហើបឲ្យដឹងថានៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះស្នងការបានកោះហៅឈ្មោះគង់ភក្ដីនាយរងប៉ុស្ដិ៍ខ្លាធំឲ្យចូលខ្លួនបំភ្លឺរឿងកាប់ឈើលក់ឲ្យវៀតណាមគឺតាមបណ្ដឹងរបស់មន្រ្ដីបរិស្ថាន ។
មន្រ្ដីប៉ូលីសដដែលបានបញ្ជាក់ថាកាលពីថ្ងៃទី១៩ ខែវិច្ឆិកាខាងស្នងការខេត្ដក៏បានកោះហៅលោក និន សុផុនមេប៉ូលីសប៉ុស្ដិ៍ខ្លាធំឲ្យចូលមកបំភ្លឺរឿងកាប់ឈើនោះដែរ។ ពេលកំពុងដំណើរការសាកសួរមិនទាន់រួចរាល់ផងឈ្មោះគង់ភក្ដីនាយរងខ្លាធំក៏បន្ដដឹកយកឈើហ៊ុបនៅតំបន់នោះទៅលក់ឲ្យវៀតណាមទៀតទើបខាងស្នងការបន្ដកោះហៅគេឲ្យចូលខ្លួនមកបំភ្លឺដែរ ។
ពាក់ព័ន្ធក្នុងរឿងខាងលើប្រភពបានបញ្ជាក់ថាលោកស្នងការនឹងចាត់ក្រុមការងារឲ្យចុះទៅត្រួតពិនិត្យដល់ទីតាំងដូចខាងលើដើម្បីប្រមូលភស្តុតាងបន្ថែមទៀតមុននិងឈានទៅអនុវត្ដច្បាប់ដល់មន្រ្ដីពីររូបដែលមានឈ្មោះដូចខាងលើនេះ ។
ទាក់ទិនបញ្ហាចោទប្រកាន់ខាងលើនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកមិន សុផុននឹងលោកគង់ភក្តីបានទេដោយទូរស័ព្ទបានបិតមិនអាចទាក់ទងបាន ៕ដោយ សាវ័ន