ក្រុមហ៊ុនខេមបូឌាន ខបភើរេសិន ហ្វាម៉ា នាំចូលឱសថខុសច្បាប់ជាង៤០តោន
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានធ្វើការបង្ក្រាបទៅលើក្រុមហ៊ុនខេមបូឌាន ខបភើរេសិន ហ្វាម៉ា ដែលបាននាំចូលរក្សាទុកឱសថខុសច្បាប់ប្រមាណជាង ៤០តោន។ ហើយសមត្ថកិច្ចបានហៅម្ចាស់ក្រុមហ៊ុនមកសាកសួរ ដើម្បីរកអ្នកពាក់ព័ន្ធជាបន្តទៀត។
បន្ទាប់ពីការបង្ក្រាប គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយបានធ្វើសន្និសីទកាសែតស្តីពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនាំចូលរក្សាទុកឱសថខុសច្បាប់ចំនួន ៧៥០០កេស មានទម្ងន់ប្រមាណជាង ៤០តោន ។ ករណីបង្ក្រាបឱសថក្លែងក្លាយនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ តែគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយទើបធ្វើសន្និសីទបង្ហាញកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ការបង្ក្រាបឱសថខុសច្បាប់នេះ បានធ្វើឡើងកាលលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមប្រតិបត្តិការបានបង្ក្រាបការនាំចូលផលិតផលឱសថខុសច្បាប់ ១៣៨មុខ ស្មើនឹង១០៤៦៥ប្រអប់ ជាង៤០តោន និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយលោកបានបញ្ជាក់ថា ឱសថទាំងនេះនាំមកពីប្រទេសបារាំង អាល្លឺម៉ង់ ឥណ្ឌា កូរ៉េ ប៉ាគីស្ថាន បង់ក្លាដេស …។ ហើយការនាំចូលតាមច្រកកំពង់ផែ ដោយការត្រួតពិនិត្យមិនបានដិតដល់ និងមិនបានសុំបញ្ជីការ សុំការអនុញ្ញាតចែកចាយឲ្យប្រើប្រាស់ពីក្រសួងសុខាភិបាល។
លោកបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកោះហៅម្ចាស់ផលិតកម្មមកសាកសួរ ដើម្បីស្រាវជ្រាវរកប្រភពនាំចូល និងអ្នកណាខ្លះពាក់ព័ន្ធ។ “ក្រុមហ៊ុនដែលនាំចូលឱសថខុសច្បាប់នេះ គឺក្រុមហ៊ុនខេម បូឌាន ខបភើរេសិន ហ្វាម៉ា។ សូមឲ្យម្ចាស់អាជីវកម្មទាំងអស់គោរពតាមច្បាប់ និងគោរពទៅតាមផលប្រយោជន៍នៃអ្នកប្រើប្រាស់ ពុំនោះសោត គឺច្បាប់នឹងមិនលើកលែង”។
យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុនខេមបូ ឌាន ខបភើរេសិន ហ្វាម៉ា ដែលនាំចូល រក្សាទុកឱសថខុសច្បាប់ ក្រុមប្រតិបត្តិការពិសេសបានរកឃើញនូវឱសថចំនួន ១៣៨មុខ មានដូចជាៈ ១.ឱសថនាំចូលដោយគ្មានចុះបញ្ជីកា មាន២៤មុខ ស្មើនឹង ២០៤៣ប្រអប់
២.ឱសថគ្មានបរិយាយប័ណ្ណជាភាសាខ្មែរ ១៣៨មុខ ស្មើនឹង ១០៤៦៥ប្រប់
៣.ឱសថហួសសុពលភាពប្រើប្រាស់ ៣៦មុខ ស្មើនឹង ២២៩៨ប្រអប់។
តាមលទ្ធផលត្រួតពិនិត្យ ក្រុមការងារពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយសន្និដ្ឋានបឋមដូចតទៅៈ ការដឹកជញ្ជូនមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ឱសថចំនួន២៤មុខ គ្មានវិញ្ញាបនបត្រចុះបញ្ជីកា។ ឱសថចំនួន៣៦មុខ ផុតសុពលភាពប្រើប្រាស់ និងឱសថចំនួន១៣៨មុខ មិនមានសរសេរលិខិតណែនាំជាភាសាខ្មែរ៕