ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូង

ខេត្តមណ្ឌលគិរី៖ពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីល្ងាច
ថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា គ.សឆ្នាំ២០១៨នេះ នៅសាលាដំបូងខេត្តមណ្ឌលគិរី ដោយលោក ហៀង សុភក្ត្រ ត្រូវបានតែងតាំងប្រកាសចូលកាន់តំណែងជាផ្លូវការ នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

ពិធីនោះប្រព្រឹតទៅ ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអធិបតី និងឯកឧត្ដម ប៉េង សម្បត្តិ អភិបាលរងខេត្ត លោក យ៉ា ណារិន ប្រធាន សាលាដំបូងខេត្ត លោក ឡោ សុខាស្នងការនគរបាលខេត្ត។

ក្នុងពិធីនេះ ក៏មានការចូលរួម ពី លោកឧត្ដមសេនីយ៍ វរសេនីយមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក ឡុុង ហុកម៉េង ប្រធានសាលាដំបូងខេត្តចាស់ នាពេលកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការដឹកនាំអនុវត្តវិស័យច្បាប់ និងវិស័យតុលាការ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការកែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសបានចូលរួមចំណែកធ្វើឲ្យខេត្តមណ្ឌលគិរី ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលល្អៗជាបន្តបន្ទាប់ ។

ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានបង្ហាញនូវជំនឿជឿជាក់ថាលោកប្រធានសាលាដំបូងខេត្តថ្មី ដែលត្រូវចូលកាន់តំណែងនៅថ្ងៃនេះ នឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន ប្រកបដោយការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់ មិនទាន់បានដោះស្រាយ ដោយឈរលើគោលការណ៍តម្លាភាព និងភាពយុត្តិធម៌ផ្ដល់ជូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្ដម អង្គវង្ស វឌ្ឍនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងយុត្តិធម៌ មានចក្ខុវិស័យរួមមួយអំពីវិស័យយុត្ដិធម៌ ដោយឈរ លើមូលដ្ឋាន នៃរដ្ឋធម្មនុញ្ញ ដែលការពារឲ្យមានលទ្ធិប្រជាធិបតេយ្យសេរី នៅក្នុងប្រទេសមួយដែលមានអធិបតេយ្យ ដើម្បីធានាឱ្យមានក្របខ័ណ្ឌច្បាប់ និងយុត្ដិធម៌មួយ ដែលអាចជឿទុកចិត្ដបាន មានស្ថេរភាព និងប្រតិបត្ដិតាមនីតិរដ្ឋ។ ដូច្នេះស្ថាប័នទាំងឡាយ នៃវិស័យយុត្ដិធម៌ ត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព មានមន្ដ្រីបម្រើការមានលក្ខណៈសម្បត្ដិល្អប្រសើរ និងមានធនធានគ្រប់គ្រាន់ ព្រមទាំងដំណើរការត្រឹមត្រូវតាមការកំណត់នៃច្បាប់ ក្នុងការដោះស្រាយវិវាទ គ្រប់ប្រភេទទាំងអស់ ដែលកើតឡើងរវាងបុគ្គល និងបុគ្គល ឬបុគ្គលនឹងរដ្ឋជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាដំបូងខេត្តថ្មី ក៏ដូចជាមន្ត្រីចំណុះ សាលាដំបូងខេត្តទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីសម្រេចកិច្ចការងារស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ ទូទៅជាពិសេសត្រូវមានកិច្ចសហការល្អជាមួយផ្នែកពាក់ព័ន្ធ ទាំង កងកម្លាំងប្រដាប់អាវុធទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង