អធិរាជ​ចាប៉ី​ដង​វែង លោកព្រឹទ្ធាចារ្យ​ ប្រាជ្ញ​ ឈួន​ ទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ ​ព្រឹទ្ធាចារ្យ​ភារ​ម្យ​វោហារ អធិរាជ​ចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ កាលពីវេលាម៉ោង​១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ ក្នុងព្រះជន្ម៨២ឆ្នាំ នាមន្ទីរពេទ្យកាល់ម៉ែត ដោយរោគជរាពាធ។

យោងតាមសេចក្តីជូនដំណឹងរបស់សាច់ញាតិបានឲ្យដឹងថា​ «លោកព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បានមរណៈភាពនៅថៃ្ងសៅរ៍​ ១០កើត​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​១:៣០នាទីយប់​ ក្នុងជន្មាយុ៨២ឆ្នាំ»។

សេចក្តីជូនដំណឹងនេះ បានឲ្យដឹងទៀតថា ​«សពត្រូវបានយកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី​ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបទុមវតី»។

សូមជម្រាបថា ព្រឹទ្ធាចារ្យ​ភារ​ម្យ​វោហារ អធិរាជ​ចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន បានចូល​សម្រាក​ព្យាបាល​ជំងឺ នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ដោយរាល់​ការចំណាយ​ព្យាបាល​ទាំងអស់ គឺ​រាជរដ្ឋាភិបាលជា​អ្នកធានារ៉ាប់រង​ទាំងស្រុង​។

មុននឹងលោកព្រឹទ្ធាចារ្យចូលមរណាភាព សាច់ញាតិបានឲ្យដឹងថា លោកមាន​ជំងឺ​ច្រើន​មុខ ដោយ​មាន​អាកា​រៈ​ចុក​ទ្រូង​ជាខ្លាំង និង​សន្លប់​មិនដឹង​ខ្លួន ចាប់តាំង​យប់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ហើយនៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ក្រុមគ្រួសារ បាន​បញ្ជូន​លោកទៅកាន់មន្ទីរ​សុខភាព​បង្អែក​ខេត្តតាកែវ​ និងរហូតដល់​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រូពេទ្យ​ខេត្តតាកែវ បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ​។​

ក្នុងពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នាពេលនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់តាំង​ឲ្យ​តំណាង​កាកបាទក្រហមកម្ពុជា នាំយក​ថវិកា​ចំនួន៥​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ជូន​ក្រុមគ្រួសារ​លោកតា ប្រាជ្ញ ឈួន ហើយ​ក្នុងនោះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏បាន​ឧបត្ថម្ភ​ចំនួន១០០០​ដុល្លារ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រ​ខេត្តតាកែវ ឧបត្ថម្ភ៥០​ម៉ឺន​រៀល លោកស្រី ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​កម្ពុជា ឧបត្ថម្ភ២០០​ដុល្លារ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចំនួន១​លាន​រៀល​ផងដែរ​។​

​លោកតា ប្រាជ្ញ ឈួន អធិរាជ​ចាប៉ីដងវែង មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ជា​អ្នកចម្រៀង​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ នៅ​កម្ពុជា ចាប់តាំងពី​ទស្សវត្ស​ទី​៨០​មក លោកតា ប្រាជ្ញ ឈួន ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​អង្គការ យូណេស្កូ ប្រចាំ​កម្ពុជា ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្ស​រស់​របស់​កម្ពុជា​។ នៅ​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពាក់​មេដាយ​កិត្តិយស «​មុនី​សារ​ភ័​ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​» ជូន​លោកតា ប្រាជ្ញ ឈួន នៅ​វិមាន​សន្តិភាព​។​

​ដើម្បី​ផ្តល់នូវ​ការ​តបស្នង​ចំពោះ​ស្នាដៃ​របស់លោក​ជា​មរតក​មនុ​ស្សរស់ ដែល​បាន​ប្រឹងប្រែង​លើកស្ទួយ​សិល្បៈ​ចាប៉ីដងវែង រាជរដ្ឋាភិបាល ក៏បានផ្តល់​ឋានៈ​ជូន​លោកតា ប្រាជ្ញ ឈួន ស្មើនឹង​ថ្នាក់​អគ្គនាយក ដែល​លោកតា អាច​ទទួលបាន​ប្រាក់ខែ​ពី​រាជរដ្ឋាភិបាល ដូច​មន្ត្រីរាជការ​ទូទៅ​ដែរ​។​

​កន្លងមក លោក​ព្រឹទ្ធាចារ្យ​ភា​រម្យ​វោហារ ប្រាជ្ញ ឈួន ក៏បាន​ទទួល​ផ្ទះមួយ​ល្វែង​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង