ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន តែងខ្លួនជាអារ៉ាប់ ដាច់លុយ ដើរទារប្រាក់តាមវិហារ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍​ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៦​និង៤០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការណ៍ជាមួយ​ កម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី១​ បានធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថាន​ ចំនួន០៣នាក់​ (ស្រី០១នាក់) ស្នាក់នៅធ្វើការ ខុសច្បាប់។

បន្ទាប់មកកម្លាំងការិយាល័យ​បានធ្វើការសាកសួរបំភ្លឺ ឃើញថាជនទាំង០៣នាក់នេះ​ ពិតជាដើរសុំលុយ​ ពលរដ្ឋខ្មែរអ៊ីស្លាម​ ពិតប្រាកដមែន។

ខណៈពេលនេះ ការិយាល័យស៊ើបអង្កេត បានស្នើសុំគោលការណ៍ទៅកាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។

គួរបញ្ជាក់ថា: ថ្មីៗនេះ មានករណី ជនជាតិ ប៉ាគីស្ថាន និងឥណ្ឌា ប្រមាណ ៣ទៅ៤នាក់ បានតែងខ្លួនបែបប្រពៃជនជាតិអារ៉ាប់ ដើរទារប្រាក់នៅតាមព្រះវិហារឥស្លាមតាមបណ្តាខេត្តជាច្រើន ដោយប្រាប់ថា ខ្លួនជាជនជាតិអារ៉ាប់ ហើយដាច់សេហុយធ្វើដំណើរ ត្រឡប់ទៅប្រទេសខ្លួន ធ្វើអោយសាសនិកឥស្លាមតាមព្រះវិហារនីមួយៗអាណិត ក៏រៃអង្គាសថវិកា តាមការស្នើសុំ។

ករណីនេះ ត្រូវបានបែកការសង្ស័យ បន្ទាប់ពីក្រុមដដែល នៅតែបន្តដើរសុំលុយនៅតាមវិហារផ្សេងៗទៀតមិនចេះឈប់ ក៏ត្រូវបានគណៈកម្មការតាមព្រះវិហារចាប់ផ្តើមរាយការណ៍ទៅកាន់អជ្ញាធរមានសមត្ថកិច្ច។

អត្ថបទដែលជាប់ទាក់ទង