ផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីជាច្រើនកន្លែង នៅខណ្ឌឬស្សីកែវ អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានបង្ក្រាប
ភ្នំពេញ ៖ ប្រភពច្បាស់ការពីពលរដ្ឋ បាននិយាយថា មានផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីជាច្រើនកន្លែង ដែលមានទីតាំងភូមិដើមពោធិ៍ និងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងរលូន មិនរំខានពីខាងអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌឬស្សីកែវនោះទេ។
ពលរដ្ឋបាននិយាយបន្តទៀតថា ដោយសារការត្រូវរ៉ូវគ្នាហើយ បានជាមេល្បែងសុីសងខាងលើ ហ៊ានបើកលេងដោយសេរី ហើយទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង បើកលេងយូរឆ្នាំមកហើយ អ្នកញៀនល្បែងសុទ្ធក្មេងស្ទាវញៀនថ្នាំ ចូលមកលេង ហ៊ោកញ្ជ្រៀវ ឡូឡា ជក់ថ្នាំ ឈ្លោះវាយតប់គ្នា ធ្វើឲ្យប៉ះពាល់រំខានដល់ពលរដ្ឋជិតខាងមិនបានដេកពួន។
ហើយពលរដ្ឋរស់នៅក្បែទីតាំងល្បែងខាងលើ ពួកគាត់មានការភយ័ខ្លាចយ៉ាងខ្លាំង គឺទី១ ក្មេងជក់ថ្នាំច្រើន ទី២ ខ្លាចកើតមានចោរឆក់ ចោរលួច ចោរប្លន់ និងអំពើហឹង្សា។ ហើយពលរដ្ឋ ក៏បានសំណូមពរ ដល់លោកអភិបាលខណ្ឌឬស្សីកែវ ជាពិសេសឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមឯកឧត្ដម មេត្តាចាត់កំលាំងជំនាញ ចុះមកត្រួតពិនិត្យ និងធ្វើការបង្ក្រាបនៅល្បែងសុីសងហ្គេមបាញ់ត្រី ជាច្រើនកន្លែង ដែលមានទីតាំងនៅលើស្រាប់ផងទាន។