ចោរប្រើប្រាស់កាំភ្លើងក្លែងក្លាយ ប្លន់ទូរមាសថៃ បានជាង១៥ តម្លឹង
ប្រទេសថៃ ៖ គ្រឿងអលង្កាដែលផលិតឡើងអំពីមាសសុទ្ធ ប្រមាណជាង ១៥ តម្លឹង ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែងក្នុងបរិវេណផ្សាររោងក្លឿ ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងប្រមូលយកទៅដោយសុវត្ថិភាពដោយជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងក្លែងក្លាយជាមធ្យោបាយក្នុងការធ្វើ សកម្មភាព យោងតាមរបាយការណ៍ពីប្រទេសថៃបានអោយដឹងថាគឺបានកើតឡើងនៅវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ត្រង់ចំណុចហាងលក់មាសមួយកន្លែង យីហោ « G 99 » ក្នុងបរិវេណផ្សាររោងក្លឿប៉ែកខាងមុខចំច្រកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ។
បើតាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពក៏ដូចជាការសាកសួរទៅលើបុគ្គលិកដែលបានត្រូវជនសង្ស័យភ្ជង់បាននិយាយថាជនសង្ស័យជាមនុស្សប្រុសអាយុប្រហែល៤០ឆ្នាំពាក់មួកកន្តិបព៌ណស្វាយពាក់អាវដៃវែងព៌ណខ្មៅនិងមានកំពស់ប្រហែល១,៧០ម៉ែត្របានដើរចូលទៅក្នុងហាងព្រមទាំងបានដកកាំភ្លើងខ្លីចេញពីហោប៉ៅភ្ជង់ទៅលើបុគ្គលិកហើយបានចូលទៅប្រមូលយកគ្រឿងអលង្កាមួយចំនួនដែលផលិតឡើងអំពីមាសសុទ្ធរួចគេចខ្លួនចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យគឺបានប្រទះឃើញជនសង្ស័យបោះកាំភ្លើងខ្លីចោលនៅក្បែហាងដោយកាំភ្លើងនោះគឺជាកាំភ្លើងក្លែងក្លាយ រួចគេបានរត់គេចចូលទៅក្នុងផ្សាររោងក្លឿបាត់ស្រមោល ។
ដោយឡែកមាសដែលគេយកទៅបានប្រហែល ២៨បាត( ទម្ងន់នៅប្រទេសថៃ )ដោយ ១ បាត ស្មើនិង ៤ ជីដូច្នេះបើសរុបគឺមានទម្ងន់ ១៥០ ជី (១៥ តម្លឹង ២ ជី ) ។
ក្រុមតម្រួតថៃបានចាត់កម្លាំងអោយត្រួតពិនិត្យគ្រប់ច្រកល្ហកទៅតាមភិនភាគដែលកាមេរ៉ាសុវត្ថិភាពថតបានប៉ុន្តែគេក៏បានសម្តែងនូវការព្រួយបារម្ភតែម៉្យាងគត់គឺខ្លាចជនសង្ស័យគេចខ្លួនឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ព្រោះផ្សារនេះស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន ៕