ប៉ូលិសម្នាក់​ទទួលការកោតសរសើរ ព្រោះជួយសង្គ្រោះក្មេងផុតពីស្លាប់ និងដោះអាវដណ្ដប់ក្មេង

កំពង់ឆ្នាំង៖  ប៉ូលិសខេត្តកំពង់ឆ្នាំងម្នាក់  កំពុង​ទទួល​ការ​កោត​សរសើរ​ពី​មហាជន​ជា​ខ្លាំង​ ដោយបានជួយសង្គ្រោះក្មេងប្រុសម្នាក់ កៀបជាប់នឹងរថយន្តធំ ​រួច​ដោះ​ឯក​សណ្ឋាន​មក​គ្រប​ដណ្ដប់​ក្មេង​ដែល​កំពុង​មាន​របួស​ជាប់​ខ្លួន។

​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៤​និង​០០​នាទី​ទាប​ភ្លឺ នៅ​ចំណុច (​វាល​បា​រ៉ា​ម)ផ្លូវជាតិ​លេខ ៥ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​ ៦៥​ និង​៦៦​ ភូមិ​បន្ទាយ​មាស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថ​យន្ត​ម៉ាក​នីស្សាន់​ឌី​សែ​ល​ពណ៍ទឹក​មាស ​ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ​ PSHN0164 បើកបរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង​និង​រថយន្ត​ម៉ាក​ហាន់​ដាយ ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ចាម 3A 32 48 បើកបរ​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង​ក្នុង​ដំណើរ​បញ្ច្រាស​ទិស​គ្នា។

ជា​អកុសល​មាន​ជន​រងគ្រោះ​ស្លាប់ ២​នាក់ ម្នាក់​ជា​អ្នក​បើក​បរ​រថយន្ត​​ត្រូវ​ជា​ឪពុក​ក្មេង​ប្រុស​រង​របួស​ខាង​លើ​ស្លាប់​នៅ​កន្លែង​ និង​ម្នាក់​ទៀត​ជា​ព្រូ​ឡាន​។ ចំណែក​ក្មេងប្រុស​រង​របួស​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រឡាច​។ ក្រោយពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បង្ក​ហេតុ បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​​បន្សល់​ទុក ​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ។ ​បច្ចុប្បន្ន​រថយន្ត​ទាំង​ ២​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឌាន​នគរបា​ល​ស្រុក​កំពង់ត្រឡាច ​រង់​ចាំ​ដោះស្រាយ​តាម​នីតិ​វិធី​នៅពេល​ក្រោយ​។​

​ឯ​សាច់​ញាតិ​គ្រួសារ​រងគ្រោះ​បាន​អរគុណ​ដល់​សមត្ថកិច្ច​ដែល​បាន​ជួយ​សង្គ្រោះ​ក្មេង​ដោយ​សរសេរ​រៀប​រាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​ថា «អរគុណ​បងប្រុស​ប៉ូលិស​ដែល​បាន​មើលថែរ​ក្មួយ​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​មិនទាន់​ទៅ​ដល់​មន្ទីរពេទ្យ ក្រោយ​ពេល​ដឹង​ខ្លួន ​ក្មួយប្រុស​ខ្ញុំ​ម្នាក់​នេះ​សួរ​រក​បង​ប៉ូលិស​ចង់​អរគុណ ហើយ​ថា​បាន​ពូ​ប៉ូលីស​នៅ​ក្បែរ​ពេល​អូន​ដេរ​ក្បាល។ ​អរគុណ​បង​ប៉ូលីស​រក​អ្វី​ប្រៀប​មិន​បាន​ទេ​ដែល​បាន​នៅ​មើល​ក្មួយ​ខ្ញុំ​រហូតដល់​ខ្ញុំ​ទៅដល់​មន្ទីរពេទ្យ អរគុណ ​និង​អរគុណ​ដល់​គ្រូពេទ្យ​ដែល​បាន​ជួយ​ដេរ​ក្បាល​អោយ​ក្មួយ​ខ្ញុំ។

​តើ​អ្នកណា​ជា​អ្នកទ​ទួល​ខុស​ត្រូវលើ​ជីវិត​បងប្រុស​ខ្ញុំ ដោយសារតែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​អ្នកដទៃ​ត្រូវ​បាត់បង់​មនុស្ស​ដែល​គេ​ស្រលាញ់ កូន​ត្រូវ​ព្រាត់​ឳ​ពុក ប្រពន្ធ​ត្រូវ​ព្រាត់​ប្ដី ឳ​ពុក​ម្ដាយ​ត្រូវ​បាត់បង់​កូន គ្រួសារ​ត្រូវ​ព្រាត់​ប្រាស់​គ្នា តើ​យក​អ្វី​មក​សង​?​ ចង់​សង​អ្វី​ក៏​វា​គ្មាន​ន័យ អ្នក​មាន​ចិត្ដ​ជា​មនុស្ស​ទេ បង្ក​វា​ឡើង​មក​ហើយក៏​រត់បាត់ មិន​ប្រាប់​គ្រួសារ​គេ​មួយ​ម៉ាត់ ហោច​ណាស់​ក៏​អាណិត​ក្មេង​តូច​ម្នាក់ ដែល​នៅលើ​ឡាន​មិនទាន់​ស្លាប់​ដែរ បេះដូង​អ្នក​សាង​មកពី​អ្វី»?

ចំណែក​បង​ថ្លៃ​ម្នាក់​ទៀត បាន​បង្ហាញ​អារម្មណ៍​ឈឺ​ចាប់​សោក​ស្ដាយ​​ជា​ពន់​ពេក​ ពេល​បាត់​បង់​ជីវិត​បុរស​ម្នាក់​នេះ​ដោយ​សរសេរ​ថា «អ្នកណាសងជីវិតប្អូនថ្លៃខ្ញុំ ដោយសារតែអ្នកធ្វេសប្រហែល ធ្វើអោយក្មួយខ្ញុំត្រូវកំព្រាឪពុកទាំងនៅក្មេង ប្អូនស្រីខ្ញុំត្រូវព្រាត់ប្រាស់ប្តី … សួរថាអ្នកណាសងជីវិតប្អូនថ្លៃខ្ញុំ។ សូមទៅអោយបានសុខណាជាតិនេះយើងមាននិស្ស័យជាបងថ្លៃប្អូនថ្លៃគ្នាត្រឹមប៉ុណ្ណឹង អញនឹងមើលថែកូននិងប្រពន្ធឯងអោយបានល្អ»។

ឯមន្ត្រីប៉ូលិសដែលទទួលបាននូវការកោវ​ការ​កោតសរសើរនេះ​មាន​​​ឈ្មោះ ប៉ូ ច័ន្ទ​មុនី អាយុ ​២៩​ឆ្នាំ​​ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍​ទោ​ ជា​មន្រ្តី​សណ្តាប់​ធ្នាប់នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ត្រឡាច​ផ្ទាល់​តែ​ម្ដង៕

អត្ថបទដែលជាប់ទាក់ទង