បក្ខពួកក្រុមប៉ុនប៉ងបំផ្ទុះភេរវកម្មប្រឆាំងរាជរដ្ឋាភិបាល ត្រូវកម្លាំងនគរបាលឡោមព័ទ្ធ និងបង្ក្រាបបាន ក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការឡោមព័ទ្ធផ្ទះមួយកន្លែង ហើយឈានទៅដល់ការចាប់ជនសង្ស័យម្នាក់ ដែលបក្ខពួកប៉ុនប៉ងបំផ្ទុះភេរវកម្ម ប្រឆាំងរាជរដ្ឋាភិបាល។ ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឡើង ស្ថិតត្រង់ចំណុចផ្ទះលេខ១៨៤A ផ្លូវលេខ ៦៩R ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ជនសង្ស័យខាងលើឈ្មោះ ប៉េង រ៉ា អាយុ៤៨ឆ្នាំ ជាអ្នកធ្វើការ និងចាំដីឲ្យគេនៅម្តុំពេជ្រនិល គឺជាបក្ខពួកក្រុមចង់បំផ្ទុះភេរវកម្ម ក្នុងចំណោមបក្ខពួកសរុបចំនួន៨នាក់។ ជននេះត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ និងធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានតាមចាប់ខ្លួនមេខ្លោងម្នាក់ ពាក់ព័ន្ធទៅនឹងមនុស្សប្រុស-ស្រី៨នាក់ ដែលមានអតីតភិក្ខុសង្ឃ១អង្គផងនោះនៅខេត្តព្រះវិហារ។ ជនសង្ស័យរូបនោះមានឈ្មោះ ក្រូច ដែលការចាប់ខ្លួនឈ្មោះនេះ សមត្ថកិច្ចបានដកហូតអាវុធមានវែងមានខ្លី និងមានគ្រឿងរំសេវជាឧបករណ៍ដាក់បំផ្ទុះទៀតផង។
ការបង្ក្រាបពេលនោះ កម្លាំងនគរបាល បានដកហូតកាំភ្លើងចំនួន២៨ដើម ហើយក្រុមទាំងនេះ ត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារជាបណ្តោះអាសន្នរួចហើយ។