លោក ពេជ ថាល់ អធិការនគរបាល​ស្រុក​សន្ទុក រងការចោទប្រកាន់ថា ញុះញង់បក្ខពួកឲ្យប្រើហិង្សានិងវាយរំវាយ​រំដោះ​កូនប្រុស​ទាំង​ដៃ​ជាប់​ខ្នោះ ពី​កងរាជអាវុធហ្ថត

ខេត្តកំពង់ធំ ៖ ថ្ងែទី១៤ ខែ តុលា ឆ្នាំ២០១៨ នៅម៉ោង៩និង៣៦ដោយមាន​ការស្នើសុំ​ពី​ចៅអធិការ​វត្ត​ក្តី​អណ្តែត ហៅ​វត្ត​ក្តី​ក្នុង ភូមិ​ពុក​យ៉ុ​ក សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ជួយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពេលនោះ នៅវេលា​ម៉ោង ១៨និង៣០ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន​ចំនួន៣នាក់ រថយន្ត២គ្រឿង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស៊ុំ គួ​ង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ចេញ​កម្លាំង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​វត្ត​ក្តី​អណ្តែត ឬ វត្ត​ក្តី​ក្នុង ។

លុះដល់​ម៉ោង ២២.២០ នាទី​ថ្ងៃ​ដដែល ក៏មាន​ក្មេង​ទំនើង២ក្រុម បាន​បង្កជម្លោះ​វាយតប់​គ្នា ភ្លាមនោះ មាន​ប្រជា​ការពារ​មក​រាយការណ៍​ប្រាប់​កម្លាំង​អាវុធហត្ថ​ថា មាន​ក្មេង​ទំនើង​កំពុង​បង្កជម្លោះ​វាយតប់​គ្នា ឮដូចនេះ​កម្លាំង​កងរាជអាវុធហត្ថ​យើង បាន​រត់​សំដៅ​កន្លែងកើតហេតុ ក៏​ឃើញ​ក្រុម​ប្រជា​ការពារ​ភូមិ​កំពុង​ឃាត់​ក្មេង​ទំនើង២នាក់ ដែល​កំពុង​រារាំង​ប្រជា​ការពារ​មិន​ឲ្យ​ឃាត់​ពួកវា ពេលនោះ កម្លាំង​អាវុធហត្ថ​ក៏​ទៅដល់ ស្រាប់តែ​ក្មេង​ទំនើង​ម្នាក់​រត់​ទាំង​ដៃ​កាន់​ខ្សែក្រវាត់ ចំណែក​កម្លាំង​អាវុធហត្ថ​ខេត្តក៏​ដេញតាម តែ​ដេញ​មិនទាន់ ក៏​ត្រឡប់មកវិញ រីឯ​ក្មេង​ទំនើង​ម្នាក់ទៀត ត្រូវ​ប្រជា​ការពារ​ចាប់​ដាក់​ខ្នោះ​បាន​ហើយ​ប្រគល់​មក​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ រំពេច​នោះ ដោយ​បក្ខពួក​របស់​ក្មេង​ទំនើង​មាន​គ្នាច្រើន ពួកវា​ក៏បាន​រុញច្រាន​កម្លាំង​កងរាជអាវុធហត្ថ និង កម្លាំង​ប្រជា​ការពារ រំ​ដោះយក​ក្មេង​ទំនើង​ម្នាក់ ដែល​ប្រជា​ការពារ​ឃាត់​បាន​រួច រត់គេចខ្លួន​ទៅ​ទាំង​ខ្នោះ​បាត់ទៅ ។

សេចក្តីរាយការណ៍​ថា ករណី​ក្មេង​ទំនើង​បង្កជម្លោះ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន លោក ពេ​ជ ថា​ល់ ជា​អធិការនគរបាល​ស្រុក​សន្ទុក និង បក្ខពួក​ជាង ៤០នាក់ បាន​ប្រើ​ហឹ​ង្សា​មកលើ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ប្រជា​ការពារ​ភូមិ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រ​យ៉ូ​វ ដែល​កំពុង​ការពារ​សន្តិសុខ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​វេលា​ម៉ោង ២២និង២០នាទី ថ្ងៃទី០៩ តុលា ឆ្នាំ២០១៨ នៅ​ចំណុច​វត្ត​ក្តី​អណ្តែត ឬ វត្ត​ក្តី​ក្នុង ស្ថិត​ភូមិ​ពុក​យ៉ុ​ក សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។

មួយសន្ទុះ​ក្រោយមក ស្រាប់តែ លេចមុខ​ឈ្មោះ ពេ​ជ ថា​ល់ អធិការនគរបាល​ស្រុក​សន្ទុក និង បក្ខពួក​ប្រហែល ៤០ ទៅ៥០នាក់ នាំ​ទាំង​កូន​របស់ខ្លួន ដែល​កំពុង​ជាប់​ខ្នោះ បានមក​រករឿង និង​ប្រើ​ហឹ​ង្សា​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​យើង និង កម្លាំង​ប្រជា​ការពារ ដោយ​ប្រើពាក្យ​ប្រមាថមើលងាយ​ថា «អា​ប៉េអឹម​ចុយ​ម្រា​យ​ណា​ដាក់​ខ្នោះ​កូន​អញ » ។

១លោក​អនុសេនីយ៍ឯក ខា សុគន្ធ បាន​ឆ្លើយតប​វិញ​ថា ខ្ញុំ​មិនបាន​ដាក់​ខ្នោះ​កូន​បង​ឯង​ទេ គឺ​គ្រាន់តែ​ការពារ​នៅពេលដែល​ប្រជា​ការពារ​ដាក់​ខ្នោះ​យកមក​ឲ្យ​ពួក​ខ្ញុំ ពេលនោះ​ឈ្មោះ ពេ​ជ ថា​ល់ ក៏បាន​ត្រលប់មក​រករឿង​កម្លាំង​អាវុធហត្ថ​វិញ ដោយ​កាន់​ទាំង​ខ្នោះដៃ ដែល​បានដាក់​កូន​របស់គាត់​មកជា​មួយ​ផង ហើយ​ក៏បាន​ស្ទុះ​មក​វាយ​លោក ខា សុគន្ធ ១ខ្នោះ តែ​ត្រូវបាន​នារី២នាក់​ឈ្មោះ ហេង ស្រី​ល័​ក្ខ និង ឈ្មោះ​ម៉ាក ហែ​ន រស់នៅ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​ស្ទុះ​ទៅ​ពាំង​ដើម្បី​ជួយ​ឃាត់ ពេលនោះ​លោក ខា សុគន្ធ បាន​លើកដៃ​អង្វរ​ដល់​ឈ្មោះ ពេ​ជ ថា​ល់ សុំ​ឲ្យ​ស្តាប់​ហេតុផល​សិន ដោយ​លោក ខា សុគន្ធ​និយាយ​បន្តទៀតថា ខ្ញុំ​សុំ​ស្បថ​ចំពោះមុខ​ព្រះអង្គ​ដែលមាន​បារមី​នៅក្នុង​វត្ត​នេះ សូម​ឲ្យ​កាច់ក​ខ្ញុំ​បាក់​ចុះ បើ​ខ្ញុំ​បានដាក់​ខ្នោះ​កូន​បង​ឯង​មែន តែ​ឈ្មោះ​ពេ​ជ ថា​ល់ បាន​និយាយថា ពួក​អា​ប៉េអឹម​ចុយ​ម្រា​យ​អ្ហែង ដឹង​ប៉ះពាល់​កិត្តិយស​កូន​អញ​ទេ ក្បាល​អ្ហែង​ហ្នឹង​ខ្នោះ​ឥលូវ​ហើយ ។ រួច​ហើយក៏​ងាក​ទៅរក​ប៉ូលីស​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ទៀត តែ​ពួកគេ​គេច​អស់ ពេល​នោះដែរ​ឈ្មោះ ពេ​ជ ថា​ល់ បាន​ញុះញង់​បក្ខពួក​របស់ខ្លួន​ឲ្យ​ប្រើ​ហឹ​ង្សា​មកលើ​លោក ខា សុគន្ធ ដោយ​ពួកគេ​ហ៊ុំព័ទ្ធ​លោក ខា សុគន្ធ ជាប់ វាយ​មកលើ​លោក ខា សុគន្ធ ចំនួន២ដៃ បណ្តាល​ឲ្យ​ជ្រុះ​មួក​ពី​ក្បាល​ទាំង​ឯកសណ្ឋាន ។

កម្លាំងអាវុធហត្ថ២នាក់ទៀតគឺលោកអនុសេននុសេនីយ៍ឯក ស៊ុំ គួ​ង និង​លោក​អនុសេនីយ៍ទោ ដិ​ប ឌី​ម ដោយ​ឋិត​ក្នុងស្ថានភាព​បែបនេះ ពួកគាត់​មិនអាច​ប្រឈមមុខ​ដោះស្រាយ​បានទេ ព្រោះ​ក្នុង​ខណៈនោះ ពួកគេ​មាន​គ្នាច្រើន ហើយ​គេ​មិន​ស្តាប់​ការបកស្រាយ​អ្វី​ឡើយ ។ លុះដល់​ម៉ោង ២២.៤៥នាទី ថ្ងៃខែ​ដដែល ឈ្មោះ​ ពេជ ថា​ល់ និង បក្ខពួក​របស់គេ​បាននាំគ្នា​ទៅរក​រឿង និង​ប្រើ​ហឹ​ង្សា​ទៅលើ​កម្លាំង​ប្រជា​ការពារ​វិញ​ម្តង ។ ចំណែក​កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​នាំគ្នា​ត្រឡប់​ទៅ​អង្គភាព​វិញ ។

ទាក់ទិន​នឹង​ការចោទប្រកាន់​នេះ លោក ពេ​ជ ថា​ល់ អធិការនគរបាល​ស្រុក​សន្ទុក ដែល​ត្រូវគេ​ចោទថា បាន​ញុះញង់​បក្ខពួក​របស់ខ្លួន​ជាង ៤០នាក់ ឲ្យ​ប្រើ​ហឹ​ង្សា​វាយ​រំ​ដោះយក​កូនប្រុស​ខ្លួន ជា​ជនសង្ស័យ​ទាំង​ដៃ​ជាប់​ខ្នោះ ពី​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន​នោះ បាន​និយាយ​តាម​ទូរស័ព្ទ​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា «ខ្ញុំ​បាន​ទៅ​សួរនាំ​ពី​រឿង​ដាក់​ខ្នោះដៃ​កូន​ខ្ញុំ​នៅ​កន្លែងកើតហេតុ​នោះ​មែន ខ្ញុំ​ចង់ដឹងថា តើ​កូន​ខ្ញុំ​វា​ខុស​អី បើ​វា​ខុស​ឲ្យ​គេ​ធ្វើតាម​ច្បាប់​ទៅ ខ្ញុំ​មិន​កាន់ជើង​កូន​ទេ តែ​រឿងនេះ កូន​ខ្ញុំ​វា​អត់​ធ្វើ​អី​ខុស​ផង ពេល​គេ​ឈ្លោះ​វាយតប់​គ្នា កូន​ខ្ញុំ​វា​នៅ​ឈរ​ក្បែរ​ម៉ូតូ ពួក​ប៉េអឹម​ដេញចាប់​អ្នកបង្ក​ជម្លោះ​មិនបាន បក​មកវិញ​ចាប់​កូន​ខ្ញុំ​ឈរ​មើល​គេ​អត់​ដឹងអី​ដាក់​ខ្នោះ​ចោទថា បក្ខ​ពួកវា រឿងនេះ ប៉ះពាល់​កិត្តិយស​កូន​ខ្ញុំ ខ្ញុំ​សួររក​មុខ​អ្នក​ដាក់​ខ្នោះ​កូន​ខ្ញុំ ប៉េអឹម​មានតែ៣នាក់​ឆ្លើយថា​មិនដឹង» ។ សំនួរ​បន្តថា ក្នុង​ខណៈនោះ តើ​លោក​អធិការ បាន​ប្រើ​ហឹ​ង្សា​វាយ​ទៅលើ​មន្ត្រី​ប៉េអឹម រំដោះ​យក​កូន​របស់ខ្លួន​ទាំង​ដៃ​ជាប់​ខ្នោះ មែនដែរ ឬទេ ? លោក​ឆ្លើយថា «កូន​ខ្ញុំ​ត្រូវបាន​គេ​ដោះ​ខ្នោះ​ចេញ​យក​ខ្នោះ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​មិនបាន​ប្រើ​ហឹ​ង្សា​វាយ​អ្នកណា​ទេ ខ្ញុំ​គ្រាន់តែ​សួរនាំ និង ស្តីបន្ទោស​ខ្លះ​ប៉ុណ្ណោះ» ។

លោក សិទ្ធ សំណាង ស្នងការរង​នគរបាល​ទទួលបន្ទុក​ព្រហ្មទណ្ឌ ខេត្តកំពង់ធំ បាន​តប​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា ខ្ញុំ​បានដឹង​រឿងនេះ​ហើយ ព្រោះ​អី​ក្រោយពេល​កើតហេតុ ព្រឹក​ឡើង​មាន​ប្រជា​ការពារ​ភូមិ៣នាក់ មក​រាយការណ៍​ប្រាប់​ខ្ញុំ​ថា រឿងនេះ​បើ​មិន​រក​យុត្តិធម៌​ជូន​ពួកគាត់​ទេនោះ ពួកគាត់​និង​ឈប់​ធ្វើ​ប្រជា​ការពារ​ទៀតហើយ ។ ឥឡូវនេះ​ខ្ញុំ​បាន​បញ្ជូន​កម្លាំង​ចុះ​ស្រាវជ្រាវ​ហើយ មិនទាន់​ដឹង​ខុសត្រូវ​ស៊ីជម្រៅ​នៅឡើយ​ទេ ៕

អត្ថបទដែលជាប់ទាក់ទង