ស្នងការនគរបាលខេត្តមណ្ឌលគិរី ជម្រុញដល់មន្រ្តីនគរបាល ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារជំនាញរបស់ខ្លួនឱ្យបានល្អប្រសើរ
មណ្ឌលគិរី៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី ជម្រុញដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តទាំងត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារជំនាញនីមួយៗឱ្យបានល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ថ្លែងបែបនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងតំឡើងឋានន្តរស័ក្កិមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានបន្តទៀតថា ការប្រកាសផ្ទេរភារកិច្ច តែង តាំងមុខដំណែង និងតំឡើងឋានន្តរស័ក្កិមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាពេលនេះ គឺជាការជម្រុញលើកទឹកចិត្តដល់មន្រ្តីនគរបាលទាំងអស់ ឱ្យខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ការការពារនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ បន្ទាប់មកទៀត លោកស្នងការ បានណែនាំ និងជម្រុញដល់មន្រ្តីនគរបាល ដែលទើបតែផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងតំឡើងឋានន្តរស័ក្កិ ត្រូវខិតខំពង្រឹងខ្លួនបន្ថែមទៀត ក្នុងការបំពេញការងារតាមជំនាញរៀងៗខ្លួនឱ្យបានល្អ ប្រសើរ។បន្ទាប់មកលោក ស្នងការបានណែនាំដល់ស្នងការរង និងមន្រ្តីនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យបានទាន់ពេលវេលា ជាពិសេស បង្រ្កាបបទល្មើសគ្រឿងញៀន និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្តនៅលើទឹកដី នៃខេត្តមណ្ឌលគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងតំឡើងឋានន្តរស័ក្កមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចំនួន៣៨រូប ក្នុងនោះ មន្រ្តីនគរបាលដែលត្រូវផ្ទេរភារកិច្ចចំនួន០៨រូប មន្រ្តីនគរបាលដែលត្រូវតែងតាំងមុខដំណែងចំនួន១៥រូបនិងមន្រ្តី នគរបាលដែលត្រូវតំឡើងឋានន្តរស័ក្កិចំនួន ១៤រូប៕