សាធារណជន អាចចូលរួមគោរពវិញ្ញាណក្ខន្ធលោក បេអាត រីចឈ្នឺរ នៅមន្ទីរពេទ្យគន្ធបុប្ផា ជិតវត្តភ្នំពេញ និងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញា
ភ្នំពេញ៖មរណភាពរបស់លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅប្រទេសកម្ពុជា គឺជាការបាត់បង់ជនដ៏មហិមាមួយរូប ដែលប្តូរផ្តាច់ មិនគិតពីខ្លួនឯង ក្នុងការជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ ចាប់តាំងពីលោកបើកមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ឆ្នាំ១៩៩២។
លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ក៏ជក៏ជាបុគ្គលមួយរូប បានរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកម្ពុជា។ លើសពីនេះ មេត្តាធម៌ និងបេះដូងប្រកបដោយក្តីស្រឡាញ់របស់លោកវេជ្ជបណ្ឌិត ចំពោះប្រទេសកម្ពុជា នឹងត្រូវបានពលរដ្ឋខ្មែរចងចាំជារៀងរហូត។
លោក បេអាត រិចឈ្នឺរ បានទទួលអនិច្ចកម្ម លាចាកលោក កាលពីវេលាម៉ោង ២ និង ៤៥ នាទី ព្រឹក នាថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហ្សុយរិក ប្រទេសស្វីស ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
មរណភាពលោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ បានធ្វើឱ្យពលរដ្ឋខ្មែរសម្តែងការសោកស្តាយ ហើយក្រសួងសុខាភិបានបានចាត់ចែងឱ្យមានការរៀបចំពិធីវិញ្ញាណក្ខន្ធនៅមន្ទីរ ពេទ្យគន្ធបុប្ផា្ផ នៅជិតវត្តភ្នំ និងនៅមន្ទីរពេទ្យជ័យវរ្ម័ន ទី៧ ក្នុងខេត្តសៀមរាប នាថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងសាធារណជនជាច្រើនផងដែរ។
ក្រៅពីពិធីវិញ្ញាណក្ខន្ធ ក៏មានការបង្កើតមូលនិធិគន្ធបុប្ផា សម្រាប់សាធារណជនទូទៅ អាចចូលរួមសម្តែងរមណទុក្ខ និងសេចក្តីនឹករលឹកដឹងគុណចំពោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៃសព ដែលប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅជិតវត្តភ្នំ និងនៅមន្ទីរពេទ្យជ័យវរ្ម័ន ទី៧ ក្នុងខេត្តសៀមរាប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៣ រសៀល ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
សូមរំឭកថា លោកវេជ្ជបណ្ឌិត បេអាតត រិចឈ្នឺរ បានបង្កើតមន្ទីរពេទ្យគន្ធបុប្ផា នៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយបានពង្រីកសាខា ចំនួន ៤ កន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែង នៅខេត្តសៀមរាប៕