អគ្គស្នងការ​ បញ្ជូន​ក្រុម​ការងារ​១១រូប ទៅ​ពង្រឹង​សន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហនុ

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានចាត់បញ្ជូនក្រុមការងារចំនួន១១រូប ទៅខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ដឹកនាំ ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​របៀបរៀបរយ​សង្គម ​នៅក្នុង​ខេត្ត​នេះ។

យោង​តាម​លិខិត​បង្គាប់​ការ ចុះ​ហត្ថលេខា ដោយ​លោក នេត សាវឿន កាលពី​ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ​២០១៨ និង​ទើបតែ​ដល់ដៃ​អ្នក​កាសែត នៅថ្ងៃទី​៥កញ្ញានេះ ឱ្យដឹង​ថា ក្រុម​ការងារ​ទាំង១១​​រូប រួមមាន៖

១. នាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង​នគរបាល​ជាតិ ជា​ប្រធាន

២. ឧត្តមសេនីយ៍ឯក សេក ភូមី ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ ជា​អនុប្រធាន

៣. ឧត្តម​សេនីយ៍ទោ លី ដាវុធ អនុ​ប្រធាន​សេនាធិការ ជា​អនុ​ប្រធាន

៤. ឧត្តម​សេនីយ៍ទោ សុខ នីត្យា ​អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ជា​អនុប្រធាន

៥. ឧត្តម​សេនីយ៍ទោ អ៊ុំ ប៊ុនថន អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​យុត្តិធម៌ ជា​អនុ​ប្រធាន

៦. ឧត្តមសេនីយ៍​ទោ រស់ គង់ អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​សមាជិក

៧. ឧត្តមសេនីយ៍​ទោ សាន សុទ្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ជា​សមាជិក

៨. ឧត្តមសេនីយ៍​ទោ សុខ ណុប អនុ​ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ជា​សមាជិក

៩. ឧត្តមសេនីយ៍​ត្រី ស្បោង ស៊ីណេត អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ ជា​សមាជិក

១០. ឧត្តមសេនីយ៍​ត្រី សុក សំបូរ អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន ជា​សមាជិក

១១. វរសេនីយ៍ឯក ឈីម វណ្ណៈ ​អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ជា​សមាជិក។

ក្នុង​លិខិត​ដដែល​ បញ្ជាក់​ថា ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ដូចជា៖

ពិនិត្យ វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅខេត្ត​ព្រះសីហនុ ដើម្បី​ផ្តើម​ស្នើ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដាក់​ចេញវិធានការ​ដឹកនាំ​ស្រប​តាម​ការវិវឌ្ឍន៍​រីក​ចម្រើន​ថ្មី។

ពិនិត្យ ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ផែនការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឆ្លើយតប​នឹង​សភាពការណ៍​ជាក់ស្តែង និង​ស្របតាម​គោលការណ៍ ផែនការ ទិសដៅ​នានា របស់​ក្រសួង​មហាផ្ទៃ និង​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ដាក់ចេញ។

តាមដាន​ការ​អនុវត្តន៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ការអនុញ្ញាត​ប្រើកម្លាំង​អន្តរាគមន៍ ដោះស្រាយ​សភាពការណ៍​ចាំបាច់​មួយ​ចំនួន ពីលោក​អគ្គស្នងការ។

ដឹកនាំ​ប្រជុំ​បូកសរុប ដក​ពិសោធ​ការងារ​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព​សង្គម នៅ​ខេត្ត​ព្រះសីហនុ ប្រចាំ​ឆមាស ឆ្នាំ និង​តាមការ​ចាំបាច់។

ធ្វើ​របាយការណ៍​បូក​សរុប​លទ្ធផល ដើម្បី​រាយការណ៍​ជូនថ្នាក់​ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៕

អត្ថបទដែលជាប់ទាក់ទង