គ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន៨៤គ្រួសារនៅឃុំកាចូនស្រុកវើនសៃទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តរតនគិរី
រតនគិរី៖ ក្រុមគ្រួសាររងគ្រោះដោយទឹកជំនន់ និងស្ថិតក្នុងភាពក្រីក្រ ដែល មានទីលំនៅក្នុងឃុំកាចូនស្រុកវុីនសៃខេត្តរតនគិរី ចំនួន៨៤គ្រួសារ នៅព្រឹកថ្ងៃសៅរ៍ទី ១ខែ កញ្ញាឆ្នាំ ២០១៨ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលឯកឧត្តម គិត ទ្រី អភិបាលខេត្ត រងនិងជាអនុប្រធានគណកម្មាធិការសាខា នាំយកទៅចែកជូនដល់ដល់ទីតាំងឃុំខាងលើ។
ថ្លែងនៅចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង៨៤គ្រួសារដែលមកទទួលអំណោយនាឱកាសនោះ ឯកឧត្តម គិត ទ្រីអភិបាលរងខេត្តរតនគិរីបានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណះ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយពោលគឺទីណាជួបការលំបាកទីនោះមានវត្តមានកាកបាទក្រហមចុះអន្តរាគមន៍ជួយជានិច្ច។
ឯកឧត្តម គិត ទ្រីបានមានប្រសាសន៏បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែចាត់មន្រ្តីឲ្យចុះមកសួរសុខទុក្ខបងប្អូន ដូចជាករណីបងប្អូនជួបនូវគ្រោះទឹកជំនន់ថ្ងៃនេះជាដើម គឺសម្ដេចកិត្តិព្រិទ្ធបណ្ឌិតបានបញ្ជាឲ្យមន្រ្តីកាកបាទក្រហមចុះយកអំណោយមកចែកបងប្អូនឲ្យបានទាន់ពេលវេលាដើម្បីជួយសម្រាលជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយកម្រឹត។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យឲ្យអាជ្ញាធរស្រុកបន្តតាមដាននិងយកចឹត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្កាទុកជាមុន និងត្រូវចុះទៅពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវហូបទឹកដាំពុះជានិច្ច ត្រូវប្រុងប្រយ័ត្នការពារពស់ចឹក និងជាពិសេសសូមយកចិត្តទុកដាក់ដល់កុមារតូចៗ កុំឱ្យទៅលេងក្បែរមាត់ទឹក ពេលមានជំនន់ និងខិតខំប្រឹងប្រែង ប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើងវិញ។
អំណោយមនុស្សធម៌ដែលបានយកមកចែកជូននាពេលនេះក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី១៥កញ្ចប់ ត្រីខ១យួរ អំបិល១គីឡូ ប៊ីចេង១គីឡូផងដែរ ៕