សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានបង្ហាញមុខឃាតករំលោភសម្លាប់នៅភូមិស្វាយស ឃុំតាប៉ុនស្រុកសង្កែ
បាត់ដំបង ៖ សមត្ថកិច្ចស្នងការនគរបាលខេត្តបាត់ដំបងបានបង្ហាញមុខឃាតករំលោភសម្លាប់នៅភូមិស្វាយស ឃុំតាប៉ុនស្រុកសង្កែនៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ បន្ទាប់ជនដៃដល់បានសារភាពរួច ដោយបានធ្វើសកម្មភាពរំលោភសម្លាប់នៅរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨ នៅចំណុចវាលបន្ទាត់មាស(ស្រះទឹក១កន្លែង)ស្ថិតក្នុងក្រុមទី២៩ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា បន្ទាប់ពីបានកើតហេតុហើយ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នួន សានផងនោះ សមត្ថកិច្ចនគរបាលខេត្តបានសហការជាមួយកម្លាំងអធិការស្រុកសង្កែបានធ្វើការស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ជាឃាតកនិងចម្លើយសារភាពរួចមក សមត្ថកិច្ចជំនាញយើងបានសាកសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនខ្លួនតុលាការខេត្តដើម្បីចាត់ការតាមច្បាប់។
លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលពេលធ្វើសកម្មភាពជនសង្ស័យបានឃើញជនរងគ្រោះនៅម្នាក់ឯងនៅជិតកន្លែងកើតហេតុ ហើយក៏មានអារម្មណ៍ភ្លាមៗចង់រំលោភភ្លាមៗដែរ ពេលជនសង្ស័យបានយកណ្តៀវមកចាក់ជនរងគ្រោះ ២កន្ឌៀវបណ្តាលឲ្យសន្លប់ប្រហែល១០នាទី រួចចាប់ផ្តើមឡើងពោបពីលើរំលោភបានរយៈពេល៣នាទីក៏បានសម្រេចរួច អូសចូលទៅទម្លាក់ក្នុងទឹកស្រះឃើញមិនទាន់ស្លាប់ក៏ទាញដំបងឬស្សីនៅក្បែរនោះវាយ២ដំបង ចំកញ្ចឹងក១កន្លែង ចំខ្នង១កន្លែងហើយបានបោះមួកជនរងគ្រោះចូលក្នុងស្រះទឹក រួចយកឬស្សីរុញទម្លាក់ពន្លិចទឹកហើយគេចខ្លួនបាត់។
លោក ជេត វណ្ណនី បានបន្តថា ជនដៃដល់មានឈ្មោះ ឆុន ឆាន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ឆន សឿត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយស ឃុំតាប៉ុន កន្លែងកើតហេតុខាងលើ។
សូមបញ្ជាក់ថា ស្ត្រីម្នាក់ បានទៅឃ្វាលគោពេញមួយថ្ងៃ ពេលមិនឃើញមកផ្ទះវិញ សាច់ញាតិ និងអ្នកជិតខាង ជួយដើររកស្រាប់តែប្រទះឃើញស្លាប់ក្នុងស្រះទឹក ក្នុងលក្ខណៈអាក្រាតកាយ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្រុមទី២៩ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅឃ្វាលគោ ដោយបាត់មិនឃើញមកផ្ទះជិតមួយថ្ងៃ ប្រជាពលរដ្ឋ រួមទាំងសាច់ញាតិជនរងគ្រោះ បានដើររកស្រី្តរងគ្រោះខាងលើជាច្រើនកន្លែង ក៏ប្រទះឃើញមួកជនរងគ្រោះនៅជិតកន្លែងកើតហេតុ។ ពេលចុះរាវក្នុងទឹកស្រះ បានប្រទះឃើញស្ត្រីរងគ្រោះស្លាប់ ក្នុងសភាពស្នាមជាំពេញមុខមាត់ និងអាក្រាតកាយ។
សមត្ថកិច្ចបានបញ្ជាក់បន្តថា សាកសពស្រីរងគ្រោះមានឈ្មោះ ឆន សឿត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយស ឃុំតាប៉ុន កន្លែងកើតហេតុខាងលើ។
ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ត្រូវបានគេរំលោភសេពសន្ថវៈ ហើយសម្លាប់ និងយកបោះចូលទៅក្នុងស្រះទឹកដើម្បីបំភ័ន្តភ្នែក។