សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ ឱ្យពង្រឹងថ្នាក់បឋម និងពង្រឹងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា
(កំពង់ចាម)៖ ក្នុងកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា ។
នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដើរតួនាទីជាអ្នកផ្តល់ការអប់រំ ដើរតួនាទីជាឪពុកម្តាយទីពីររបស់សិស្ស ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីកត្តាសន្តិភាព គឺជាកត្តាសំខាន់ សម្រាប់កសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធដូច្នេះរួមគ្នាចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីបន្តកសាងប្រទេសជាតិ ៕