ពិតជាសាហាវមែន ហ៊ានលួចរថយន្តសាំយ៉ុង១គ្រឿង ផ្ទុកឈើជាង១ម៉ែត្រគូប នៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ

ខេត្តរតនគិរី៖ ជារឿងកម្រកើតឡើង ដែលវត្ថុតាងរថយន្ត សាំយ៉ុង ដឹកឈើ១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AF-៤៦៥៤ ផ្ទុកឈើប្រភេទប្រណិតខុសច្បាប់ជាង ១ម៉ែត្រ គូបកាលពីវេលាម៉ោង១០៖១១នាទីព្រឹក ថ្ងៃទី១៦ ខែសីហា  ឆ្នាំ២០១៨ រថយន្តខាងលើត្រូវបានចោរលួច ចេញពីផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវបាត់ស្រមោល ។

ទាក់ទិននឹងករណីខាងលើត្រូវបានលោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារយើង ថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ថាពិតជាបាត់រថយន្តសាំយ៉ុង១គ្រឿងដែលជាវត្ថុតាងដឹកបទល្មើសព្រៃឈើ ពិតប្រាកដមែន។

លោកបន្តទៀតថា ភ្លាមៗបន្ទាប់ពីបាត់រថយន្តនោះ នៅកន្លែងលោករួចមក គឺគាត់បានដាក់ពាក្យប្តឹងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីផងដែរ។នៅក្នុងពាក្យបណ្តឹងនោះដែរ លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើបានដាក់ការសង្ស័យ ទៅលើម្ចាស់រថយន្តនិងម្ចាស់ ឈើ ជាអ្នកមកលួច តែម្តង ព្រោះធ្លាប់បានទំនាក់ទំនងមកគាត់ជាមេព្រៃ តាមលេខទូរស័ព្ទ០៩៧-៨៥០៩ ០២២ក្នុងថ្ងៃទី១៦ ខែសីហា(ថ្ងៃកើតហេតុ)មកគាត់ដើម្បីសុំបំពេញឯកសារតាមនីតិវិធីផ្លូវច្បាប់។

ប្រភពព័ត៌មានផ្សេងទៀត បានលួចបង្ហើបប្រាប់ភ្នាក់ងារយើងថា កន្លែងផ្នែករដ្ឋបាលព្រៃឈើបរកែវ មានព័ទ្ធរបងថ្ម និងទ្វារចេញចូលដែក ត្រឹមត្រូវ ហេតុអ្វីបាត់វត្ថុតាងនឹង ងាយស្រួលលួចម្លេះ ម្យ៉ាងទៀតបើដឹងកន្លែងនោះគ្មានសុវត្ថិភាព ហេតុអ្វីមិននាំវត្ថុតាងមករក្សាទុកនៅខណ្ឌរដ្ឋបាល ព្រៃឈើខេត្ត ។

ទាក់ទិនទៅនឹងករណីបាត់វត្ថុតាង រថយន្តសាំយ៉ុងដឹកឈើខាងលើនេះដែរ មតិពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តរតនគិរីលើកឡើងស្រដៀងគ្នាថា បើខ្មោចស្រុកមិនបើកដៃក៏ខ្មោចព្រៃមិនហ៊ានចូលលួចដែល ពោលគឺសង្ស័យមានការស៊ំគ្រលំគ្នា ក្នុងផលប្រយោជន៍ណាមួយ ទើបបាត់វត្ថុតាងស្រស់ៗបែបនេះ។

លោកខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើមិនបានប្រាប់ឈ្មោះម្ចាស់រថយន្តនិងម្ចាស់មានឈ្មោះអ្វីនោះទេ ទោះបីអ្នកសារពត៌មានជជីកសួរយ៉ាងណាក៏ដោយនៅតែមិនប្រាប់ដដែល៕

អត្ថបទដែលជាប់ទាក់ទង