ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ
(ខេត្តតាកែវ-កណ្តាល-រាជធានីភ្នំពេញ-កំពង់ស្ពឺ) ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារក្រសួង និងមន្ទីធនធានទឹក និងឧតុនិយមខេត្តកណ្តាលចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យការងារនៅព្រែកតាគង់ ព្រែកអូរអណ្តូង ព្រែកអំបិល និងព្រែកគយក្នុងភូមិសាស្រ្តតំបន់ស្អាងភ្នំ តំបន់ព្រែករកា តំបន់ព្រែកគយ តំបន់ស្អាងធំ តំបន់ក្រាំងយ៉ូវ តំបន់បឹងជើងលូង តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ តំបន់ព្រែកហូរ តំបន់ព្រែកតាខ្មៅ តំបន់ព្រែកតាំងហ៊ុន ជុំវិញតំបន់ពិសេសអិចមួយ ក្នុងខេត្តកណ្តាល និងតំបន់ទន្លេបាទី តំបន់ត្នោតទេ តំបន់ប្រឡាយលេខ១៥ និងតំបន់ប្រឡាយ៩៨ ក្នុងខេត្តតាកែវ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា បណ្តាប្រព័ន្ធប្រឡាយ និងព្រែកជីកទាំងនេះនឹងក្លាយជាឧបករណ៍ប្រកបដោយស័ក្តិសិទ្ធិភាពក្នុងការដោះទឹក និងជាប្រភពទឹកដ៏មានប្រសិទ្ធភាពខ្ពស់ធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ ព្រមទាំងជាផ្លូវគមនាគមន៍ដឹកជញ្ជូនបានគ្រប់ប្រភេទ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ព្រែកជីកទាំងអស់ខាងលើនេះនឹងធ្វើឱ្យវិស័យទឹកនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវគោលដៅក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកបានពេញលេញសម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តក្នុងទិសនិរតី។