អ្នកភូមិប្រទះឃើញទារកតូចម្នាក់ ត្រូវបានម្តាយយកទៅបោះចោល បង្កឱ្យមានការភ្ញាក់ផ្អើល
ខេត្តប៉ៃលិន ៖ ហេតុការណ៍អ្នកភូមិប្រទះឃើញទារកតូចម្នាក់ ត្រូវបានម្តាយយកទៅបោះចោល បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅចំណុចចំការដំឡូងមី ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អ្នកដែលប្រទះឃើញទារកនេះ ឈ្មោះ គុម ស្រីលីន ភេទស្រី រស់នៅក្នុងភូមិនេះ ។ ក្រោយពីប្រទះឃើញ ដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត ក៏ប្រគល់ឱ្យទៅមេការស្តង់ដំឡូងមីម្នាក់ ឈ្មោះ វ៉ិត សុខលី អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ទិត្យ ឆវ័ន្ត អាយុ៣១ឆ្នាំ មានកូនស្រី២នាក់ ។ រីឯទារក ដែលទើបសុំពីស្ត្រី ដែលរើសបាន ត្រូវបានពួកគេដាក់ឈ្មោះឲ្យថា «លី សុខសំណាង» ។
បើតាមការរៀបរាប់ពីស្ត្រី ភិន ឡោស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃមង្គល បានឱ្យដឹងទាំងភាពភ័យតក់ស្លុត ប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃកើតហេតុ កូនស្រីរបស់គាត់ បានដើរទៅកាប់ផ្លែចេក នៅក្នុងចំការក្បែរផ្ទះ ស្រាប់តែនាងក្រឡេកមើលទៅលើដីចំការដំឡូងមីក្បែររបង ស្រាប់តែប្រទះឃើញមានទារកម្នាក់ គ្របស្លឹកដំឡូងមី ដោយមានដង្ហើម មានឈាមហូរជោកខ្លួន ហើយក៏រត់ទៅប្រាប់គាត់ជាម្តាយឱ្យនាំគ្នាទៅមើល និងលើកបីយកទៅលាងជម្រះខ្លួន និងរាយការណ៍ជូនអាជ្ញាធរភូមិ និងនគរបាល ផងដែរ ។
ក្រោយពីប្រទះឃើញទារកដ៏កំសត់នេះ រួចមក ដោយសារតែជីវភាពកូនរបស់គាត់មានការខ្វះខាត និងមានកូនច្រើន ទើបប្រគល់ឱ្យទៅមេការស្តង់ដំឡូងមីខាងលើ ដើម្បីយកទៅចិញ្ចឹមធ្វើជាកូន តែម្តង ។
បើតាមការរៀបរាប់ពីមេការស្តង់ដំឡូងមីម្នាក់ ឈ្មោះ វ៉ិត សុខលី អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ទិត្យ ឆវ័ន្ត អាយុ៣១ឆ្នាំ មានកូនស្រី២នាក់ក្នុងបន្ទុក បានឱ្យដឹងថា មូលហេតុដែលពួកគាត់សុំទារក ដែលរើសបាន យកទៅចិញ្ចើមធ្វើជាកូននោះ ព្រោះតែគ្រួសាររបស់ពួកគាត់មានតែកូនស្រី ។ ដូច្នេះចង់បានកូនប្រុសម្នាក់ទៀត ឲ្យបានបីនាក់។ ហើយពួកគាត់សន្យាថា នឹងមើលថែរក្សាទារកនេះ ឱ្យបានល្អ ក្លាយទៅជាកូនរបស់ខ្លួន ដោយយកទៅចុះសំបុត្រកំណើត និងបញ្ចូលក្នុងសៀវភៅគ្រួសារ ថែមទៀតផង ។
ចំណែកអ្នកភូមិ បានរៀបរាប់ទាំងការអាណិតអាសូរដល់ទារកនេះថា មិនគួរណាម្តាយ មានចិត្តដាច់បែបនេះទេ ដោយយកកូនបង្កើតរបស់ខ្លួន ទៅបោះចោលនៅក្នុងព្រៃចំការដំឡូងមី តែនេះសំណាងហើយ ដែលមានអ្នកភូមិ ប្រទះឃើញទាន់ពេល បើសិនជាឆ្កែអ្នកភូមិឃើញ អាចនឹងខាំហែកខ្ទេចខ្ទីគ្មានសល់នោះទេ។
សន្និដ្ឋានថា ស្ត្រីដែលហ៊ានបោះកូនរបស់ខ្លួនចោលនេះ មិនមែនជាអ្នកភូមិរបស់ពួកគាត់ឡើយ គឺអាចជាស្ត្រីអ្នកដំណើរមកពីឆ្ងាយ ដោយសារតែភាពខ្វះខាត ឬក្រីក្រ ហើយក៏អាចជាស្ត្រី ដែលខឹងនឹងប្តីរត់ចោល ទើបដាច់ចិត្តបោះកូនប្រុសរបស់ខ្លួនចោលដោយគ្មានសោកស្តាយអ្វី បន្តិចនោះឡើយ ៕