មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះមួយរូប យកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ
ភ្នំពេញ៖ មានហេតុការដ៏ភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ខណៈដែលមានមន្ត្រីនគរបាលនាយកដ្ឋានហិរញ្ញកិច្ចនៃក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះម្នាក់ បានធ្វើអត្តឃាតយកកាំភ្លើងខ្លីម៉ាក K54 ធ្វើបាញ់សម្លាប់ខ្លួនឯងចំសៀតផ្កា ធ្លាយពីម្ខាងទៅម្ខាងស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ និងខារ៉ាអូខេ យីហោ កូឡូសូ។
ហេតុការនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់សណ្ឋាគារលេខ២០៥ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៣៥០ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលបាញ់សម្លាប់ខ្លួនឯងខាងលើនេះ មានឈ្មោះ ម៉ុន រតនាឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលនាយកដ្ឋានហិរញ្ញកិច្ចនៃក្រសួងមហាផ្ទៃ ពាក់ស័ក្តិ៤កន្លះ ស្នាក់នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅ ភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ បានចូលមកស្នាក់នៅក្នុងបន្ទប់សណ្ឋាគារខាងលើ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។ លុះដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ ស្រាប់តែសមត្ថកិច្ចទទួលបានព័ត៌មានថា ជនរងគ្រោះខាងលើនេះ បានធ្វើអត្តឃាត ដោយយកកាំភ្លើងខ្លីម៉ាក K54 បាញ់សម្លាប់ខ្លួនឯងមួយគ្រាប់ ចំសៀតផ្កាខាងស្តាំធ្លាយពីម្ខាងទៅម្ខាង ស្លាប់ក្នុងថ្លុកឈាមនៅលើពូកក្នុងបន្ទប់សណ្ឋាគារតែម្តង។
គួបញ្ជាក់ផងដែរថា ក្រោយពីមានការបែកធ្លាយព័ត៌មានអត្តឃាតបាញ់សម្លាប់ខ្លួននេះរួចមក គ្រប់បណ្ដាញអ្នកសារព័ត៌មានបានចុះទៅធ្វើការថតផ្តិតយករូបភាពនៅខាងមុខ សណ្ឋាគារនិងខារ៉ាអូខេ កូឡូសូ ដែលជាទីតាំងកើតហេតុ តែអ្វីដែររស្មានមិនដល់នោះ ស្រាប់តែមានសន្តិសុខដែលយាមការនៅសណ្ឋាគារខាងលើបានចេញមក«ហាម មិនឲ្យអ្នកសារព័ត៌មានថតរូបទីតាំងខារ៉ាអូខេនោះទេ» ដោយអះអាង«គ្មានរឿងអ្វីកើតឡើងនោះទេ ខារ៉ាអូខេធ្វើការដូចធម្មតា» ទៅវិញ។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន បានចុះមកធ្វើការត្រួត្យពិនិត្យសពដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ ដោយពិនិត្យរកឃើញវត្ថុតាងមាន អាវុធខ្លីម៉ាក K54 ដែលបាញ់អស់១គ្រាប់ នៅសល់គ្រាប់ចំនួន២ នៅនឹងកន្លែងកើតហេតុ តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួននេះមិនដឹងថាដោយមូលហេតុអ្វីឲ្យប្រាកដ នៅឡើយនោះទេ ៕(ដោយ លីហួរ)