បទល្មើសព្រៃឈើនៅស្រុកកោះញែក នៅតែបន្តធ្វើសកម្មភាព បែរជាគ្មានសមត្ថកិច្ចបង្ក្រាប

ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅស្រុកកោះញែក កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បទល្មើសព្រៃឈើនៅក្នុងស្រុកកោះញែក នៅតែបន្តធ្វើសកម្មភាព ផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលហាមបិទច្បាប់ក្រុមហ៊ុនប្រមូលទិញឈើសេសសល់ ពីដីព្រៃសម្បទាន និងវិនិយោគ ប៉ុន្តែផ្ទុយទៅវិញ បទល្មើសព្រៃឈើខាងលើនេះ នៅតែបន្តដឹកជញ្ជូនចូលឃ្លាំង ជញ្ជាំងខៀវ របស់អតីតក្រុមហ៊ុន យូនីគ្រីន ដដែល និងជារៀងរាល់ថ្ងៃទៀតផង ។

ប្រភពបានបន្តថា ការដឹកជញ្ជូនឈើចូលស្តុកក្នុងឃ្លាំង ជញ្ជាំងខៀវ របស់អតីតក្រុមហ៊ុន យូនីគ្រីន នេះ គឺកើតមានជាបន្តបន្ទាប់ តាំងពីមុនថ្ងៃបោះឆ្នោត រហូតឥឡូវនេះ មានរយៈពេលជិត១ខែមកហើយ មិនដែលឃើញសមត្ថកិច្ចជំនាញ និងស្ថាប័ន្ធពាក់ព័ន្ធ ចុះទៅបង្ក្រាបឬទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញ រថយន្តប្រភេទអ៊ីហ្វា និងគោយន្តកន្ត្រៃ កំពុងតែមមាញឹកដឹកជញ្ជូនឈើចូលស្តុកក្នុងឃ្លាំងជញ្ជាំងខៀវ របស់អតីតក្រុមហ៊ុន យូនីគ្រីន យ៉ាងកគ្រឹកកគ្រេង ។

បើតាមការលួចបង្ហើបប្រាប់ពីប្រភពអ្នកដែលដឹកឈើចូលក្នុងឃ្លាំង របស់អតីតក្រុមហ៊ុន យូនីគ្រីននេះថា ឈើនៅក្នុងឃ្លាំងនេះ ជាប្រភេទឈើសុក្រំ និងផ្ចឹក ហើយត្រូវគេអារច្រៀក ជាឈើគ្រឿងផ្ទះ សម្រាប់ដឹកចេញតាមរថយន្តយីឌុប ឆ្ពោះទៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំជាដើម ។

រីឯប្អូនថ្លៃលោកឧកញ៉ា តុប វិយ៉ាដា ដែលជាអ្នកមើលការខុសត្រូវនៅទីនោះ បានបដិសេធថា មិនមានការដឹកឈើចូលក្នុងឃ្លាំងជញ្ជាំងខៀវ របស់លោកនោះឡើយ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានហាមដាច់ខាតមិនឲ្យក្រុមហ៊ុនទាំងអស់ធ្វើសកម្មភាពនោះទេ ហើយតាំងពីពេលនោះមក ក្រុមហ៊ុនរបស់លោកក៏បានផ្អាកដំណើរការផងដែរ ។

ចំណែកលោកអធិការនគរបាលស្រុកកោះញែក លោក ខ្លូត សុឃា បានប្រាប់ឲ្យដឹងថា នៅមុនថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត រយៈពេល១៥ថ្ងៃ គឺក្រុមហ៊ុនយូនីគ្រីន បានធ្វើការដឹកជញ្ជូនឈើចំនួនពីរថយន្តពិតមែន ដើម្បីយកមកធ្វើទីស្នាក់ការបក្សស្រុកកោះញែក។ ចំពោះការដឹកឈើចេញទៅលក់នៅក្រៅខេត្ត គឺពុំមាននោះទេ ហើយប្រសិនបើមាន លោកនឹងសុំចំណាត់ការពីលោកស្នងការ ដើម្បីចេញបង្រ្កាប ។

ជុំវិញបញ្ហាខាងលើនេះ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ នៅស្រុកកោះញែក អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ៕ដោយ តាជួង

អត្ថបទដែលជាប់ទាក់ទង