នគរបាលឃាត់ខ្លួនយុវជន៤នាក់ យកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោត

ខេត្តព្រះវិហារ៖ យុវជន៤នាក់ បានយកគ្រាប់បែកដៃមួយគ្រាប់ចូលក្នុងការិយាល័យបោះឆ្នោត លេខ០៣១៧ ស្ថិតនៅក្នុងសាលារៀនចំរើនផល ហើយត្រូវបានកម្លាំងសន្តិសុខការពារនៅទីនោះ ឃាត់ខ្លួន រួចបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ការឃាត់ខ្លួនយុវជនទាំង៤នាក់នេះធ្វើឡើង នៅម៉ោង៧យប់ ថ្ងៃ សុក្រ ១៥ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសាលារៀនចំរើនផល ភូមិចំរើនផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

នគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា យុវជនទាំង៤ ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះ យូ វ៉ាន់លុច ភេទប្រុស អាយុ២២ឆ្នាំ ២ឈ្មោះ រួម ហុច ភេទប្រុស អាយុ២៤ឆ្នាំ ៣ ឈ្មោះ សំ វិតសុផា ភេទប្រុស អាយុ២៤ឆ្នាំ ៤ ឈ្មោះ ជន យ៉ារិត ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង៤មានទីលំនៅភូមិចំរើនផលជាមួយគ្នា ។

ក្រៅពីឃាត់ខ្លួន សមត្ថកិច្ច បានដកហូតគ្រាប់បែកដៃ ក្រឡាទៀប ផលិតនៅសហភាពសូវៀត១គ្រាប់ និងម៉ូតូ២គ្រឿង។ ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីគោល បំណង នៃការនាំយកគ្រាប់បែកចូលក្នុងការិយាល័យបោះឆ្នោតរបស់យុវជនទាំង៤នោះនៅឡើយទេ ដោយកំពុងសាកសួរស្រាវជ្រាវងាយស្រួលកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង