ឧកញ៉ា ស្រី ចាន់ថន ប្រគល់ថវិកាចំនួន២៥០០ដុល្លារ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាការលើកទឹកចិត្ត
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ពីឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រគល់ថវិកាចំនួន ២៥០០ដុល្លារ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាការលើកទឹកចិត្ត ក្រោយបានផ្ដួលកីឡាករជនជាតិអង់គ្លេស Thomas Capenter ឲ្យសន្លប់ទឹកទី១ លើប្រភេទទម្ងន់ ៧៨គីឡូក្រាម កាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសង្វៀនថៃហ្វៃ នាទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃនេះផងដែរខ្ញុំបាទបានប្រគល់ថវិកា ចំនួន២៥០០ដុល្លារ ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង ជាពិសេសបានរៀបចំបាយសាមគ្គី ជាការលើកទឹកចិត្ត រួមសុខ រួមទុក្ខ ជាមួយគ្នា ដោយមានវត្តមាន ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តែម ម៉ឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានចូលរួមផ្តល់កិត្តិយស ពិសេសបានថតរូបទុកជាអនុស្សាវរីយ៍ និងបានទៅទស្សនារថយន្ត និងវីឡា មួយខ្នង ដែលបានដាក់តាំងដើម្បីត្រៀមរកដៃគូប្រកួត នឹងអ្វីដែលខ្ញុំសន្យាលើកទំព័រ ផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ I lOVE CAMBODIA “ ៕